ព្រះត្រៃបិដក ភាគ ៦៦
មុនិគប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង មិនមានមាយា មានពាក្យញុះញង់លះបង់ហើយ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន។
[១២៣] ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា មិនគប្បីនៅរួមដោយសេចក្តីប្រហែស មិនគប្បីតាំងនៅក្នុងការមើលងាយឡើយ។
[១២៤] អធិប្បាយពាក្យថា គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា ត្រង់ពាក្យថា ការដេកលក់ បានខាងភាពនៃកាយឈឺចាប់ ភាពនៃកាយមិនគួរដល់ការងារ ការទន់ទោរចុះ ការងោកងក់ ការងុយស្រឡេតខាងក្នុងសន្តាន ការងុយងក់ ការលក់ ការញ័រត្របកភ្នែក អាការជាទីលក់ ភាពនៃចិត្តលក់ស៊ប់។ ពាក្យថា ការខ្ជិល បានដល់ សេចក្តីខ្ជិល អាការកំជិល ភាពនៃចិត្តខ្ជិល សេចក្តីច្រអូស អាការច្រអូស ភាពនៃចិត្តច្រអូស។ ពាក្យថា ការរួញរា បានខាង ភាពនៃចិត្តឈឺចាប់ ភាពនៃចិត្តមិនគួរដល់ការងារ អាការជាទីធុញថប់ ការរួញថយ ការកៀចក្រាញ អាការជាទីកៀចក្រាញ ភាពនៃចិត្តកៀចក្រាញ ការរួញ អាការជាទីរួញ ភាពនៃចិត្តរួញ។
ID: 637353500788546563
ទៅកាន់ទំព័រ៖