ព្រះត្រៃបិដក ភាគ ៦៦

មិន​គប្បី​នៅ​ជិត ដោយ​ការ​ប្រហែស គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​ការ​ប្រហែស​ គឺ​គប្បី​ជា​បុគ្គល​ចៀសវាង គេច​ចេញ វៀរ​ស្រឡះ រត់ចេញ រលាស់​ចេញ រួច​ចេញ ប្រាស​ចេញ​ ចាក​ការ​ប្រហែស គប្បី​ជា​អ្នកមាន​ចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​នៅ​រួម​ដោយ​សេចក្តី​ប្រហែស។
 [១២៦​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​តាំងនៅ ក្នុង​ការ​មើលងាយ​ ត្រង់​ពាក្យ​ថា ការ​មើលងាយ សេចក្តី​ថា បុគ្គល​ខ្លះ​ក្នុង​លោក​នេះ រមែង​មើលងាយ​អ្នកឯទៀត​ ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី។បេ។ ដោយ​វត្ថុ​ដ៏​វិសេស​ណាមួយ​ក្តី។ សេចក្តី​ប្រកាន់​ អាការ​ប្រកាន់ ភាព​នៃ​ចិត្ត​ប្រកាន់ ការ​ឆ្មើងឆ្មៃ អាការ​ឆ្មើងឆ្មៃ ចិត្ត​ដូច​ទង់ជ័យ​ ការ​ប្រកាន់​ខ្លាំង ភាព​នៃ​ចិត្ត​ប្រាថ្នា ដូច​ទង់​ណា មាន​សភាព​យ៉ាងនេះ នេះ​លោក​ហៅថា​ ការ​មើលងាយ។ ពាក្យ​ថា មិន​គប្បី​តាំងនៅ​ក្នុង​ការ​មើលងាយ គឺ​មិន​គប្បី​ឋិតនៅ មិន​គប្បី​តាំងនៅ​ក្នុង​ការ​មើលងាយ​ បាន​សេចក្តី​ថា គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​ការ​មើលងាយ​ គឺ​គួរ​ចៀសវាង គេច​ចេញ វៀរ​ស្រឡះ រត់ចេញ រលាស់​ចេញ រួច​ចេញ ប្រាស​ចេញ ចាក​ការ​មើលងាយ​ គប្បី​ជា​អ្នកមាន​ចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​តាំងនៅ​ក្នុង​ការ​មើលងាយ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637353501451577949
ទៅកាន់ទំព័រ៖