ព្រះត្រៃបិដក ភាគ ៦៦

 [១២៧​] ពាក្យ​ថា ជន​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​ អធិប្បាយ​ថា បុគ្គល​ខ្លះ​ក្នុង​លោក​នេះ កាល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម តំ​កល់​ទុក​ទឹកដែល​បុគ្គល​គប្បី​ផឹក​ និង​ភោជន​ដែល​បុគ្គល​គប្បី​បរិភោគ បោសច្រាស​ទី​បរិវេណ ថ្វាយបង្គំ​ព្រះ​ចេតិយ រៀបចំ​គ្រឿងក្រអូប​ និង​កម្រងផ្កា​ថ្វាយព្រះ​ចេតិយ ធ្វើ​ប្រទក្សិណ​ព្រះ​ចេតិយ កសាង​អភិសង្ខារ​ជាកុសល​ណាមួយ​ ដែល​ប្រព្រឹត្តទៅ​ក្នុង​ត្រៃ​ធាតុ មិនមែន​ព្រោះ​ហេតុ​គតិ មិនមែន​ព្រោះ​ហេតុ​ការ​កើត​ មិនមែន​ព្រោះ​ហេតុ​បដិសន្ធិ មិនមែន​ព្រោះ​ហេតុ​ភព មិនមែន​ព្រោះ​ហេតុ​សំសារ មិនមែន​ព្រោះ​ហេតុ​វដ្តៈ​ទេ​ រមែង​ជា​អ្នកមាន​បំណង​ដើម្បី​ប្រាសចាក​យោ​គៈ ជា​អ្នក​ឱន​ទៅកាន់​ព្រះនិព្វាន ឈម​ទៅកាន់​ព្រះនិព្វាន​ ទោរទន់​ទៅកាន់​ព្រះនិព្វាន កសាង​កុសល​ទាំងអស់​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​ យ៉ាងនេះ​ខ្លះ។ មួយទៀត បុ​គ្គ​លញុំាង​ចិត្ត​ឲ្យ​ងាក​ចេញ​ចាក​សង្ខារ​ធាតុ​ទាំងពួង ហើយ​ប្រមូល​ចិត្ត​ ដើម្បី​អមត​ធាតុ (ព្រះនិព្វាន​) ថា គុណជាត​នុ៎ះ​ស្ងប់ គុណជាត​នុ៎ះ​ប្រសើរ គឺ​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់​ចេញ​នូវ​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​រាគៈ ការ​រលត់ និព្វាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637353501726504148
ទៅកាន់ទំព័រ៖