ព្រះត្រៃបិដក ភាគ ៦៦
បណ្ឌិតទាំងឡាយ ឲ្យទានមិនមែនព្រោះហេតុសុខនៃឧបធិដើម្បីភពថ្មីទេ បណ្ឌិតទាំងនោះ ឲ្យទានដើម្បីការអស់ឧបធិ មិនដើម្បីភពថ្មីដោយពិត។ បណ្ឌិតទាំងឡាយ ចំរើនឈាន មិនមែនព្រោះហេតុសុខនៃឧបធិដើម្បីភពថ្មីទេ បណ្ឌិតទាំងនោះ ចំរើនឈាន ដើម្បីការអស់ឧបធិ មិនដើម្បីភពថ្មីដោយពិត។ បណ្ឌិទាំងនោះ មានចិត្តត្រេកអរស៊ប់ចំពោះការរលត់ទុក្ខ ទើបឲ្យទាន មានចិត្តទន់ទោរទៅកាន់ព្រះនិព្វាននោះ មានចិត្តចុះស៊ប់ទៅកាន់ព្រះនិព្វាននោះ បណ្ឌិតទាំងនោះ មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ ដូចស្ទឹងទាំងឡាយ ដែលហូរទៅកាន់ទីកណ្តាលនៃសាគរ។
ហេតុនោះ (ទ្រង់ត្រាស់ថា) ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា មិនគប្បីនៅរួមដោយសេចក្តីប្រហែស មិនគប្បីតាំងនៅក្នុងការមើលងាយឡើយ។
ID: 637353502191414751
ទៅកាន់ទំព័រ៖