ព្រះត្រៃបិដក ភាគ ៦៦
ណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះ បានលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ។ តណ្ហា ១ ទិដ្ឋិ ១ មានះ ១ មុនិនោះបានលះបង់ ផ្តាច់បង់ឫសគល់ ធ្វើមិនឲ្យមានទីកើតដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអនេញ្ជាភិសង្ខារ មុនិនោះបានលះបង់ ផ្តាច់បង់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះបានលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិនោះ លះបង់វត្ថុទាំងពួង។
[១៤៧] ពាក្យថា មុនិនោះឯង តថាគតហៅថា អ្នកស្ងប់ គឺមុនិនោះ តថាគតពោល សំដែង និយាយ បំភ្លឺ បញ្ចេញ ថាជាអ្នកស្ងប់ រម្ងាប់ ស្ងប់រម្ងាប់ រលត់ សះស្បើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិនោះ តថាគតហៅថា អ្នកស្ងប់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637353507276434069
ទៅកាន់ទំព័រ៖