ព្រះត្រៃបិដក ភាគ ៦៦
ធីតារបស់អញ មិត្ររបស់អញ អាមាត្យរបស់អញ ញាតិសាលោហិតរបស់អញ ប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងមិនសោកស្តាយ។ ពាក្យថា មិនសញ្ជប់សញ្ជឹង គឺ មិនទ្រមឹងទ្រមើយ មិនស្រពោនស្រពាប់ មិនទង្គឹះ មិនជ្រប់ មិនស្ញុលស្ញប់។ ឬថា មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនឧបបត្តិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង។
[១៥៦] ពាក្យថា ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង សេចក្តីថា តណ្ហា លោកហៅថា ខ្សែ បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា ឈ្មោះថាខ្សែនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានខ្សែដាច់ហើយ។ ពាក្យថា ជាអ្នកមិនមានចំណង សេចក្តីថា ចំណង ៧ ចំណងគឺរាគៈ ១ ចំណងគឺទោសៈ ១ ចំណងគឺមោហៈ ១ ចំណងគឺមានះ ១ ចំណងគឺទិដ្ឋិ ១ ចំណងគឺកិលេស ១ ចំណងគឺទុច្ចរិត ១។ ចំណងទាំងនុ៎ះ បុគ្គលណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានចំណង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង។
ID: 637353509616161314
ទៅកាន់ទំព័រ៖