ព្រះត្រៃបិដក ភាគ ៦៦

គឺថា​ បើ​អ្នក​លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​សេចក្តី​ត្រេកអរ​ សេចក្តី​ស្រស់ស្រាយ​ សេចក្តី​ជ្រុលជ្រប់​ សេចក្តី​ប្រកាន់​ ការ​ស្ទាបអង្អែល​ ការ​ជាប់​ចំពាក់​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បើ​អ្នក​មិន​កាន់​យក​ ក្នុង​ខន្ធ​ជា​កណ្តាល​។
 [១៦១​] ពាក្យ​ថា​ អ្នក​នឹងជា​បុគ្គល​ស្ងប់​ ត្រាច់​ទៅ​ គឺ​អ្នក​នឹងជា​បុគ្គល​ស្ងប់​ ព្រោះ​ស្ងប់​រាគៈ​ ជា​បុគ្គល​ស្ងប់​ ព្រោះ​ស្ងប់​ទោសៈ​។បេ។ នឹងជា​អ្នក​ស្ងប់​ អ្នក​រម្ងាប់​ អ្នក​ស្ងប់​រម្ងាប់​ អ្នក​រលត់ទុក្ខ​ អ្នក​សះស្បើយ​ទុក្ខ​ ព្រោះ​ស្ងប់​ ព្រោះ​រម្ងាប់​ ព្រោះ​ស្ងប់​រម្ងាប់​ ព្រោះ​ផុត​ ព្រោះ​រលត់ទុក្ខ​ ព្រោះ​ប្រាស​ទៅ​ ព្រោះ​ទ្រុឌទ្រោម​ទៅ​ នៃ​អភិសង្ខារ​ជាអកុសល​ទាំង​ពួង​ ហើយនឹង​ត្រាច់​ទៅ​ នៅ​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្ត​ រក្សា​ យាត្រា​ ឲ្យ​យាត្រា​ទៅ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​នឹងជា​បុគ្គល​ស្ងប់​ ត្រាច់​ទៅ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
កិលេសជាត​ណា​ (ដែល​កើត​) ក្នុង​កាលមុន​ អ្ន​កចូរ​ញុំាង​កិលេសជាត​នោះ​ ឲ្យ​រីងស្ងួត​ កិលេសជាត​ ជា​គ្រឿង​កង្វល់​ កុំ​មានដល់​អ្នក​ ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​ បើ​អ្នក​មិន​កាន់​យក​ ក្នុង​ខន្ធ​ជា​កណ្តាល​ទេ​ អ្នក​នឹងជា​បុគ្គល​ស្ងប់​ ត្រាច់​ទៅ​។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637353510901023245
ទៅកាន់ទំព័រ៖