ព្រះត្រៃបិដក ភាគ ៦៦
បុគ្គលរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ។ មួយវិញទៀត កាលសត្វ និងសង្ខារមិនមាន ឥតមាន ដែលមិនបាន បុគ្គលក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេងថា ឱហ្ន៎ វត្ថុនោះ មានដល់អញហើយ ឱហ្ន៎ វត្ថុនោះ មិនមានដល់អញទេ ឱហ្ន៎ សូមឲ្យវត្ថុនោះ មានដល់អញ ឱហ្ន៎ អញមិនបានវត្ថុនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ។
[១៦៥] ពាក្យថា បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោក អធិប្បាយថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរកាន់យក គួរស្ទាបអង្អែល គួរជាប់ចំពាក់ គួរជ្រុលជ្រប់ គួរចុះស៊ប់ថា នេះរបស់អញក្តី ថានេះរបស់បុគ្គលដទៃក្តី នៃបុគ្គលណា មាន ឯសេចក្តីសាបសូន្យនៃបុគ្គលនោះ ក៏មាន។ សមដូចភាសិតនុ៎ះថា
ព្រះអង្គសាបសូន្យចាករថ សេះ កែវមណី និងកណ្ឌល សាបសូន្យចាកបុត្រ និងភរិយា ដូច្នោះដែរ កាលភោគៈទាំងអស់ ព្រះអង្គមិនបានសេពសោយហើយ ហេតុអ្វី ទើបព្រះអង្គមិនក្តៅក្រហាយក្នុងកាលដែលគួរសោក។ ភោគៈទាំងឡាយ លះបង់សត្វមុន ក៏មាន សត្វលះបង់ភោគៈទាំងនោះមុនជាងទៅទៀត ក៏មាន
ID: 637353640002339708
ទៅកាន់ទំព័រ៖