ព្រះត្រៃបិដក ភាគ ៦៦
បពិត្រព្រះអង្គអ្នកមានប្រាថ្នាកាម ពួកជនអ្នកមានភោគៈ មិនមានអ្វីជារបស់ខ្លួនទេ ហេតុនោះ ទើបខ្ញុំមិនសោកក្នុងកាលដែលគួរសោក។ ព្រះច័ន្ទរមែងរះឡើង រួចពេញវង់ ហើយអស់ទៅវិញ ព្រះអាទិត្យអស្តង្គតទៅ លោកធម៌ទាំង ៨ ខ្ញុំដឹងច្បាស់ហើយ ហេតុនោះ ទើបខ្ញុំមិនសោក ក្នុងកាលដែលគួរសោក។
រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរកាន់យក គួរស្ទាបអង្អែល គួរជាប់ចំពាក់ គួរជ្រុលជ្រប់ គួរចុះស៊ប់ថា នេះរបស់អញក្តី ថានេះរបស់បុគ្គលដទៃក្តី នៃបុគ្គលណា មិនមានទេ សេចក្តីសាបសូន្យនៃបុគ្គលនោះក៏មិនមាន។ សមដូចភាសិតនុ៎ះថា បពិត្រសមណៈ លោកត្រេកអរឬ ម្នាលអ្នកមានអាយុ យើងត្រេកអរព្រោះបានអ្វី បពិត្រសមណៈ បើដូច្នោះ លោកសោកឬ ម្នាលអ្នកមានអាយុ យើងសាបសូន្យអ្វីហើយ បពិត្រសមណៈ បើដូច្នោះ លោកមិនត្រេកអរ មិនសោកឬ ម្នាលអ្នកមានអាយុ យ៉ាងហ្នឹងហើយ។
យូរណាស់ហើយ យើងទើបឃើញព្រាហ្មណ៍ ដែលមានទុក្ខរលត់ហើយ ដែលមិនមានសេចក្តីត្រេកអរ ដែលមិនមានសេចក្តីតានតឹង ជាភិក្ខុឆ្លងតណ្ហា ដែលផ្សាយទៅកាន់អារម្មណ៍ផ្សេងៗក្នុងលោក។
ID: 637353640461899107
ទៅកាន់ទំព័រ៖