ព្រះត្រៃបិដក ភាគ ៦៦
ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ដែលឃើញហើយ តើដូចម្តេច។ លក្ខណៈដែលបុគ្គលដឹង ឃើញ ថ្លឹង ត្រិះរិះ ប្រាកដ ជាក់ច្បាស់ហើយ ដោយប្រក្រតី បុគ្គលសួរប្រស្នា ដើម្បីប្រយោជន៍ដល់ការប្រៀបធ្រៀបជាមួយនឹងបណ្ឌិតទាំងឡាយដទៃ នេះ ការសួរជាគ្រឿងប្រៀបធ្រៀបនូវធម៌ ដែលឃើញហើយ។
ការសួរជាគ្រឿងកាត់សេចក្តីសង្ស័យ តើដូចម្តេច។ បុគ្គលនៅក្នុងការសង្ស័យ នៅក្នុងសេចក្តីងឿងឆ្ងល់ ដោយប្រក្រតី បែកទៅជាពីរថា យ៉ាងនេះឬហ្ន៎ មិនមែនយ៉ាងនេះឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ បុគ្គលនោះ ក៏សួរប្រស្នាដើម្បីប្រយោជន៍ដល់ការកាត់សេចក្តីងឿងឆ្ងល់ នេះ ការសួរជាគ្រឿងកាត់សេចក្តីងឿងឆ្ងល់។ នេះ ការសួរ ៣។
ការសួរ ៣ ដទៃទៀត គឺការសួររបស់មនុស្ស ការសួររបស់អមនុស្ស ការសួររបស់និម្មិត។
ការសួររបស់មនុស្ស តើដូចម្តេច។ មនុស្សទាំងឡាយ ចូលទៅសួរប្រស្នានឹងព្រះពុទ្ធមានព្រះភាគ គឺពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកាសួរ ពួកព្រះរាជាសួរ ពួកក្សត្រសួរ ពួកព្រាហ្មណ៍សួរ ពួកវេស្សៈសួរ ពួកសុទ្ទៈសួរ ពួកគ្រហស្ថសួរ ពួកបព្វជិតសួរ នេះ ការសួររបស់មនុស្ស។
ID: 637351905646491623
ទៅកាន់ទំព័រ៖