ព្រះត្រៃបិដក ភាគ ៦៦

ភាព​នៃ​សេចក្តី​ឫស្យា​ សេចក្តី​ឈ្នានីស​ អាការ​នៃ​ឈ្នានីស​ ភាព​នៃ​សេចក្តី​ឈ្នានីស​ឯណា​ មាន​សភាព​យ៉ាងនេះ​ នេះ​លោក​ហៅថា​ សេចក្តី​ច្រណែន​។ សេចក្តី​ច្រណែន​នុ៎ះ​ បុគ្គល​ណា​ បាន​លះបង់ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មិន​មាន​សេចក្តី​ច្រណែន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មាន​សេចក្តី​ច្រណែន​។ ពាក្យ​ថា​ អ្នក​មិន​ប្រាថ្នា​ សេចក្តី​ថា​ តណ្ហា​ លោក​ហៅថា​ សេចក្តី​ប្រាថ្នា​ បាន​ខាង​រាគៈ​ រាគៈ​មាន​កំឡាំង​។បេ​។ អភិជ្ឈា​ លោភៈ អកុសលមូល​។ សេចក្តី​ប្រាថ្នា​នុ៎ះ​ បុគ្គល​ណា​ បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើត​ឡើង​បាន​ ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មិន​ប្រាថ្នា​។ បុគ្គល​នោះ​ មិន​ប្រាថ្នា​ក្នុង​រូប​។បេ។ មិន​ប្រាថ្នា​ មិន​ចង់បាន​ មិន​ល្មោភ​ មិន​ជ្រុលជ្រប់​ ក្នុង​អារម្មណ៍​ទាំងឡាយ​ ដែល​ឃើញ​ ឮ ប៉ះពាល់ ឬគប្បី​ដឹង​ គឺជា​អ្នក​អស់ចំណង់​ គ្មាន​ចំណង់​ លះបង់​ចំណង់​ ខ្ជាក់​ចោល​ចំណង់​ មាន​ចំណង់​រួច​ស្រឡះ​ មាន​ចំណង់​វិនាស​ មាន​ចំណង់​រលាស់​ចេញ​ ជា​អ្នក​អស់​តម្រេក​ គ្មាន​តម្រេក​ លះបង់​តម្រេក​ ខ្ជាក់​ចោល​តម្រេក មានតម្រេក​រួច​ស្រឡះ​ មានតម្រេក​វិនាស​ មានតម្រេក​រលាស់​ចេញ​ ជា​អ្នក​មិន​ឃ្លាន​ រលត់ចំណង់​ មានចិត្ត​ត្រជាក់​ ទទួល​សុខ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637353644298441489
ទៅកាន់ទំព័រ៖