ព្រះត្រៃបិដក ភាគ ៦៦
ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាពមិនមាន មិនឲ្យមានការកើតតទៅជាធម្មតា បុគ្គលនោះ លោកហៅថា អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង អ្នកនឹងធឹងក្នុងធម៌ទាំងពួង អ្នកកណ្តាល ក្នុងធម៌ទាំងពួង អ្នកព្រងើយកន្តើយក្នុងធម៌ទាំងពួង ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង។
[១៧៣] ពាក្យថា តថាគត ដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ គឺ តថាគតដែលត្រូវគេសួរ គេដេញដោល គេសូម គេអារាធនា គេជ្រះថ្លា អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោល នឹងសំដែង នឹងប្រាប់។បេ។ នឹងប្រកាសនូវអានិសង្ស ៤ នេះ ថា បុគ្គលនោះ ជាអ្នកមិនមានសេចក្តីច្រណែន ១ អ្នកមិនប្រាថ្នា ១ អ្នកមិនមានការញាប់ញ័រ ១ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង ១ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ គឺបុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើ ក្នុងធម៌ទាំងពួង។
ID: 637353645147357687
ទៅកាន់ទំព័រ៖