ព្រះត្រៃបិដក ភាគ ៦៦

[១៧៤​] ការ​តាក់តែង​ណា​នីមួយ​ នៃ​បុគ្គល​អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកដឹង​ច្បាស់​ មិន​មាន​ទេ​ បុគ្គល​នោះ​ វៀរចាក​ការ​ផ្តើម​ផ្សេង​ៗ រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំងពួង​។

 [១៧៥​] ពាក្យ​ថា​ អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកដឹង​ច្បាស់​ សេចក្តី​ថា តណ្ហា​ លោក​ហៅថា​ ការ​ញាប់ញ័រ​ បានខាង​ រាគៈ​ រាគៈ​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល​។ តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​នុ៎ះ​ បុគ្គល​ណា​ បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មិន​មានការ​ញាប់ញ័រ​។ បុគ្គល​ឈ្មោះថា​ អ្នក​មិន​មានការ​ញាប់ញ័រ​នោះ​ ព្រោះ​លះ​តណ្ហា​ ជា​គ្រឿង​ញាប់ញ័រ​ហើយ​ រមែង​មិន​ញាប់ញ័រ​ក្នុង​លាភ​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​អលាភ​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​យស​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​អយស​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​បសំសា​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​និន្ទា​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​សុខ​ខ្លះ​ មិន​ញាប់ញ័រ​ មិន​កំរើក​ មិន​រំភើប​ មិន​រន្ធត់​ មិន​ស្លន់ស្លោ​ ក្នុង​ទុក្ខ​ខ្លះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មានការ​ញាប់ញ័រ​។ ពាក្យ​ថា​ អ្នកដឹង​ច្បាស់​ គឺ​អ្នកដឹង​ ដឹង​ទួទៅ​ ដឹង​ច្បាស់​ ដឹង​ចំពោះ​ យល់​ច្បាស់​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង​ អ្នកដឹង​ ដឹង​ទួទៅ​ ដឹង​ច្បាស់​ ដឹង​ចំពោះ​ យល់​ច្បាស់​ថា​ សង្ខារ​ទាំងពួង​ជា​ទុក្ខ​។បេ។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637353645582957394
ទៅកាន់ទំព័រ៖