ព្រះត្រៃបិដក ភាគ ៦៦

មិន​ឲ្យ​មានការ​កើត​តទៅ​ជា​ធម្មតា​ ក្នុង​កាលណា​ បុគ្គល​ជា​អ្នក​ចៀសវាង គេច​ចេញ​ វៀរ​ស្រឡះ​ផ្សេង​ ៗ រត់ចេញ​ រលាស់​ចេញ​ រួច​ស្រឡះ​ ប្រកប​ប្រាស​ ចាក​ការ​ផ្តើម​ផ្សេង​ ៗ មានចិត្ត​ប្រាសចាក​សេចក្តី​សល់វ៉ល់​ ដោយហេតុ​ប៉ុណ្ណេះ​ ក្នុង​កាលនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ វៀរចាក​ការ​តាក់តែង​ផ្សេង​ៗ។
 [១៧៨​] ពាក្យ​ថា​ រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំងពួង​ សេចក្តី​ថា រាគៈ​ជា​គ្រឿង​ធ្វើ​នូវ​ភ័យ​ ទោសៈ​ជា​គ្រឿង​ធ្វើ​នូវ​ភ័យ​ មោហៈ​ជា​គ្រឿង​ធ្វើ​នូវ​ភ័យ​។បេ។ កិលេស​ទាំង​ឡាយ​ ជា​គ្រឿង​ធ្វើ​នូវ​ភ័យ​។ ព្រោះ​រាគៈ​ជា​គ្រឿង​ធ្វើ​នូវ​ភ័យ​ លោក​លះបង់​ហើយ​។បេ។ ព្រោះ​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​ភ័យ​ លោក​លះបង់​ហើយ​ ទើប​ឈ្មោះថា ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំងពួង​ គឺ​ឃើញ​ហេតុ​មិន​មាន​ភ័យ​ក្នុង​ទី​ទាំងពួង​ ឃើញ​វត្ថុ​មិន​មាន​ចង្រៃ​ក្នុង​ទី​ទាំងពួង​ ឃើញ​វត្ថុ​មិន​មាន​ឧបទ្រព​ក្នុង​ទី​ទាំងពួង​ ឃើញ​ការ​មិន​មាន​ឧបសគ្គ​ក្នុង​ទី​ទាំង​ពួង​ ឃើញ​គុណ​ដ៏​ស្ងប់​រម្ងាប់​ក្នុង​ទី​ទាំងពួង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំងពួង​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ការ​តាក់តែង​ណា​នីមួយ​ នៃ​បុគ្គល​អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកដឹង​ច្បាស់​ មិន​មាន​ទេ​ បុគ្គល​នោះ​ វៀរចាក​ការ​ផ្តើម​ផ្សេង​ ៗ រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំងពួង​។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637353646441014125
ទៅកាន់ទំព័រ៖