ព្រះត្រៃបិដក ភាគ ៦៦
ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា ប្រាសចាកកំណាញ់ សេចក្តីថា កំណាញ់ ៥ គឺកំណាញ់អាវាស។បេ។ ការប្រកាន់ នេះ លោកហៅថា ការកំណាញ់។ ការកំណាញ់នុ៎ះ បុគ្គលណា លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានកំណាញ់ទៅប្រាស មានកំណាញ់ឃ្លាតចេញ មានកំណាញ់លះបង់ មានកំណាញ់ខ្ជាក់ចោល មានកំណាញ់រួចចេញ មានកំណាញ់បន្សាត់ចេញ មានកំណាញ់រលាស់ចេញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់។
[១៨២] អធិប្បាយពាក្យថា មិនប្រកាន់ មិនលះចោល ព្រះមានព្រះភាគត្រាស់ដូច្នេះ ត្រង់ពាក្យថា មិនប្រកាន់ គឺមិនប្រកាន់ មិនកួចកាន់ មិនទង់ទាញទុក មិនកាន់យក មិនស្ទាបអង្អែល មិនជាប់ចំពាក់ ចំពោះរូប មិនប្រកាន់ មិនកួចកាន់ មិនទង់ទាញទុក មិនស្ទាបអង្អែល មិនជាប់ចំពាក់ ចំពោះវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ
ID: 637353647239107635
ទៅកាន់ទំព័រ៖