ព្រះត្រៃបិដក ភាគ ៦៦
សារីបុត្តសុត្តនិទ្ទេស ទី១៦
[១៨៣] (ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ (អំពីសំណាក់) អ្នកណាមួយទេ ព្រះសាស្តា មានព្រះសូរសៀងដ៏ពីរោះយ៉ាងនេះ ទ្រង់ចុះចាកឋានតុសិតមកកាន់ពួក។
[១៨៤] ពាក្យថា ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ គឺក្នុងកាលមុនអំពីកាលនេះ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនធ្លាប់ឃើញ ដោយចក្ខុនេះ ដោយអត្តភាពនេះទេ។ កាលដែលព្រះមានព្រះភាគ គង់ចាំវស្សាលើថ្មបណ្ឌុកម្ពលក្រោមម្លប់បារិឆ្ឆត្តកព្រឹក្ស នាឋានតាវត្តិង្ស មានពួកទេវតាហែហម ទ្រង់យាងចុះកាន់ក្រុងសង្កស្ស តាមជណ្តើរកែវ ត្រង់កណ្តាល ខ្ញុំមិនបានឃើញក្នុងកាលមុន វៀរលែងនូវការឃើញនេះ។ ហេតុនោះ (លោកពោលថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ។
[១៨៥] ពាក្យថា ព្រះសារីបុត្តមានអាយុ (ពោល) ថាដូច្នេះ ត្រង់ពាក្យថា ដូច្នេះ ជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា ដូច្នេះនុ៎ះ គឺជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយសេចក្តីគោរពកោតក្រែង។
ID: 637353648093828568
ទៅកាន់ទំព័រ៖