ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា ព្រះសារីបុត្ត គឺជាឈ្មោះ ជាការរាប់ ជាពាក្យសំគាល់ ជាបញ្ញត្តិ ជាពាក្យហៅ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស របស់ព្រះថេរៈនោះ ហេតុនោះ (លោកពោលថា) ព្រះសារីបុត្តមានអាយុ ពោលដូច្នេះ។
[១៨៦] ពាក្យថា ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ ត្រង់ពាក្យថា មិន ជាពាក្យហាមឃាត់។ ពាក្យថា ទាំង ជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា ទាំងនុ៎ះ គឺជាលំដាប់បទ។ ពាក្យថា អ្នកណាមួយ គឺអ្នកណាមួយ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ហេតុនោះ (លោកពោលថា) ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ។
[១៨៧] ពាក្យថា ព្រះសាស្តាមានព្រះសូរសៀងពីរោះយ៉ាងនេះ អធិប្បាយថា ព្រះអង្គមានព្រះសូរសៀងពីរោះ សូរសៀងទន់ ផ្អែម សូរសៀងគួរជាទីស្រឡាញ់ សូរសៀងជាទីគាប់ចិត្ត សូរសៀងពីរោះ ដូចសំឡេងសត្វករវិកយ៉ាងនេះ។ ព្រះសូរសៀងដែលផ្សាយចេញចាកព្រះឱស្ឋរបស់ព្រះមានព្រះភាគនោះ ប្រកបដោយអង្គ ៨ គឺក្បោះក្បាយ ១ គប្បីដឹងបានដោយងាយ ១ ទន់ពីរោះ ១ ស្រួលស្តាប់ ១ មូល ១ មិនបែកព្រែក ១ ក្រអួន ១ លាន់រំពង ១។
ID: 637353648452783673
ទៅកាន់ទំព័រ៖