ព្រះត្រៃបិដក ភាគ ៦៦

ទ្រង់​មានទុក្ខ​រលត់​ហើយ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ទុក្ខ​រលត់​ហើយ ដោយពិត​ ប្រាកដ ទៀងទាត់ មិន​ប្រែប្រួល មិន​វិបរិត ពិតមែន។ មួយទៀត ព្រះពុទ្ធ​ទាំងឡាយ​មាន​ព្រះ​ភាគ​ មាន​ព្រះ​ឥរិយាបថ​មិនបាន​ញាប់ញ័រ សឹង​បរិបូណ៌​ដោយ​សេចក្តី​ប្រាថ្នា ហេតុ​នោះ (លោក​ពោល​ថា​) ព្រះមានព្រះភាគ មាន​ចក្ខុ​ប្រាកដ យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គ​មាន​កិត្តិសព្ទ​ដ៏​បរិសុទ្ធ មាន​កិតិ្តសព្ទ និង​សេចក្តី​សរសើរ​ដ៏​ពោរពេញ​ក្នុង​ភព​នៃ​នាគ​ផង​ ក្នុង​ភព​នៃ​គ្រុឌ​ផង ក្នុង​ភព​នៃ​យក្ខ​ផង ក្នុង​ភព​នៃ​អសុរ​ផង ក្នុង​ភព​នៃ​គន្ធព្វ​ផង​ ក្នុង​ភព​នៃ​មហារាជ​ផង ក្នុង​ភព​នៃ​ព្រះឥន្ទ​ផង ក្នុង​ភព​នៃ​ព្រហ្ម​ផង គឺថា ព្រះអង្គ​មាន​កិតិ្តសព្ទ​ និង​សេចក្តី​សរសើរ​ប្រាកដ​បែបនេះ​ផង ប្រាកដ​បែប​នោះ​ផង លើសលប់​ជាង​នោះ​ផង ហេតុ​នោះ (លោក​ពោល​ថា​) ព្រះមានព្រះភាគ មាន​ចក្ខុ​ប្រាកដ យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គ​ប្រកបដោយ​កំឡាំង ១០ តែង​ប្រាកដ​ជាក់ច្បាស់​ដោយ​វេ​សា​រជ្ជ​ញ្ញាណ​ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ តេជះ ១ ពលៈ ១ គុណ ១ វីរិយៈ ១ បញ្ញា ១។
សប្បុរស​ទាំងឡាយ រមែង​ប្រាកដ​ក្នុង​ទី​ឆ្ងាយ ដូច​ភ្នំ​ហិមវន្ត​ អសប្បុរស​ទាំងឡាយ មិន​ប្រាកដ​ក្នុង​ទី​ឆ្ងាយ​នោះ​បានទេ ដូចជា​សរ​ដែលគេ​បាញ់​ទៅ​ក្នុង​ពេលយប់។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637353651067445514
ទៅកាន់ទំព័រ៖