ព្រះត្រៃបិដក ភាគ ៦៦
ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ដ៏ផូរផង់ក្តី ប្រយោជន៍ដ៏សំខាន់ក្តី ទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃពុទ្ធញាណ។ ព្រះពុទ្ធមានព្រះភាគ មានព្រះញាណមិនទើសទាក់ក្នុងអតីត មានព្រះញាណមិនទើសទាក់ក្នុងអនាគត មានព្រះញាណមិនទើសទាក់ក្នុងបច្ចុប្បន្ន។ កាយកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ មនោកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ។ ហេតុដែលត្រូវដឹង មានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង ប្រព្រឹត្តកន្លងព្រះញាណក៏មិនមាន ធម៌ទាំងនោះ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ផ្ទៃស្មុគ្រទាំងពីរដែលស្និទ្ធគ្នាល្អ ផ្ទៃស្មុគ្រខាងក្រោម មិនប្រព្រឹត្តហួសផ្ទៃស្មុគ្រខាងលើ ផ្ទៃស្មុគ្រខាងលើ មិនហួសផ្ទៃស្មុគ្រខាងក្រោម ផ្ទៃស្មុគ្រទាំងពីរ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ ហេតុដែលត្រូវដឹងផង ព្រះញាណផង របស់ព្រះពុទ្ធមានព្រះភាគ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងនោះឯង គឺហេតុដែលត្រូវដឹងមានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ
ID: 637353653028803086
ទៅកាន់ទំព័រ៖