ព្រះត្រៃបិដក ភាគ ៦៦
ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានព្រះញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង ប្រព្រឹត្តកន្លងព្រះញាណក៏មិនមាន ធម៌ទាំងនោះ រមែងតាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងធម៌ទាំងពួង។ ធម៌ទាំងពួងជាប់ដោយការពិចារណា ជាប់ដោយសេចក្តីប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទនៃព្រះពុទ្ធមានព្រះភាគ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងពួកសត្វទាំងពួង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអធ្យាស្រ័យ ជ្រាបអនុស័យ ជ្រាបចរិត ជ្រាបនូវអធិមុត្តិនៃសត្វទាំងពួង ជ្រាបច្បាស់នូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ ជាសត្វគួរ និងមិនគួរត្រាស់ដឹង។ លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅក្នុងពុទ្ធញ្ញាណ។ ហ្វូងត្រី និងអណ្តើកណានីមួយ ដោយហោចទៅ រាប់តាំងពីត្រីឈ្មោះតិមិ និងត្រីឈ្មោះតិមិង្គលៈ ប្រព្រឹត្តទៅក្នុងខាងក្នុងមហាសមុទ្រយ៉ាងណា លោក ព្រមទាំងទេវលោក ព្រមទាំងមារ
ID: 637353653311221088
ទៅកាន់ទំព័រ៖