ព្រះត្រៃបិដក ភាគ ៦៦
[១៩៣] ពាក្យថា ដល់នូវការត្រេកអរតែមួយព្រះអង្គឯង អធិប្បាយថា ព្រះមានព្រះភាគមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា មួយព្រះអង្គឯងដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ មួយព្រះអង្គឯងដោយអត្ថថា លះបង់តណ្ហា មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកទោសៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកមោហៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គមិនមានកិលេសដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គយាងទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ហេតុនោះ (លោកពោលថា) តែមួយព្រះអង្គឯង។
ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជានោះ តើដូចម្តេច។ ព្រះមានព្រះភាគ កាលនៅជាកំឡោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យកំពុងចំរើន គឺបឋមវ័យ កាលដែលព្រះមាតាបិតា ទ្រង់មិនពេញព្រះទ័យ (នឹងការទ្រង់ផ្នួស) ដែលមានព្រះភក្រ្តជោកទៅដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោកហើយ ទ្រង់ក៏លះបង់ពួកញាតិ កាត់យសបលិពោធទាំងអស់ កាត់បុត្តទារបលិពោធ កាត់ញាតិបលិពោធ កាត់មិត្តាមច្ចបលិពោធ កាត់សន្និធិបលិពោធ ហើយកោរសក់ និងពុកមាត់
ID: 637353655231299642
ទៅកាន់ទំព័រ៖