ព្រះត្រៃបិដក ភាគ ៦៦
ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដល់នូវភាពមិនមានការកង្វល់ ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅមួយអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា យ៉ាងនេះ។
ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ តើដូចម្តេច។ ព្រះមានព្រះភាគនោះ កាលទ្រង់ព្រះផ្នួសហើយយ៉ាងនេះ តែមួយព្រះអង្គ ទ្រង់អាស្រ័យសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចធំ មានសំឡេងតិច មានគឹកកងតិច ប្រាសចាកសំដីមនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស គួរជាទីលាក់ខ្លួនពួនសម្ងំបាន ព្រះមានព្រះភាគអង្គនោះ យាងទៅមួយអង្គឯង ឈរមួយអង្គឯង គង់នៅមួយអង្គឯង សម្រេចការផ្ទំមួយអង្គឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតមួយអង្គឯង ចៀសចេញទៅមួយអង្គឯង គង់នៅក្នុងទីស្ងាត់មួយអង្គឯង អធិដ្ឋានទីចង្រ្កមមួយអង្គឯង ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ មួយព្រះអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ យ៉ាងនេះ។
ID: 637353655563409105
ទៅកាន់ទំព័រ៖