ព្រះត្រៃបិដក ភាគ ៦៦
ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង យ៉ាងនេះ។
ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ តើដូចម្តេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ។ ដោយសារពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់ត្រាស់ដឹងថា សង្ខារទាំងពួងមិនទៀង ត្រាស់ដឹងថា សង្ខារទាំងពួងជាទុក្ខ ត្រាស់ដឹងថា ធម៌ទាំងពួងជាអនត្តា ត្រាស់ដឹងថា សង្ខារទាំងឡាយមានអវិជ្ជាជាបច្ច័យ។បេ។ ត្រាស់ដឹងថា ជរា មរណៈ មានជាតិជាបច្ច័យ ត្រាស់ដឹងថា សេចក្តីរលត់នៃសង្ខារ ព្រោះរលត់អវិជ្ជា។បេ។ ត្រាស់ដឹងថា ការរលត់នៃជរា មរណៈ ព្រោះរលត់ជាតិ ត្រាស់ដឹងថា នេះទុក្ខ ត្រាស់ដឹងថា នេះទុក្ខសមុទ័យ ត្រាស់ដឹងថា នេះទុក្ខនិរោធ ត្រាស់ដឹងថា នេះទុក្ខនិរោធគាមិនីបដិបទា ត្រាស់ដឹងថា នេះអាសវៈ ត្រាស់ដឹងថា នេះអាសវសមុទ័យ ត្រាស់ដឹងថា នេះអាសវនិរោធ ត្រាស់ដឹងថា នេះអាសវនិរោធគាមិនីបដិបទា ត្រាស់ដឹងថា ធម៌ទាំងនេះគប្បីដឹង ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវកំណត់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវលះបង់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវចំរើន
ID: 637353656770590484
ទៅកាន់ទំព័រ៖