ព្រះត្រៃបិដក ភាគ ៦៦
ព្រោះហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គល មិនគប្បីសំគាល់ថាប្រសើរជាង ថាថោកទាបជាង ឬថាស្មើគ្នា ដោយគុណនោះឡើយ បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ មិនគប្បីតាំងខ្លួនទេ។
[១៩] ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិនគប្បីស្វែងរកនូវការស្ងប់ដោយឧបាយដទៃទេ ភិក្ខុរម្ងាប់កិលេសខាងក្នុង អត្តាមិនមាន ឬនិរត្តា នឹងមានពីណា។
[២០] ពាក្យថា គប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង គឺគប្បីរម្ងាប់រាគៈ គប្បីរម្ងាប់ទោសៈ គប្បីរម្ងាប់មោហៈខាងក្នុង គប្បីរម្ងាប់ គប្បីចូលទៅរម្ងាប់ គប្បីឲ្យស្ងប់ គប្បីឲ្យរលត់ គប្បីឲ្យរម្ងាប់ចំពោះនូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ និងកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង។
ID: 637351914055401672
ទៅកាន់ទំព័រ៖