ព្រះត្រៃបិដក ភាគ ៦៦
សៅហ្មង សេពសោយគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏សៅហ្មង។ ពួកគហបតីដឹងភិក្ខុនោះ យ៉ាងនេះថា ស្រមណ៍នេះ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស ស្ងប់ស្ងាត់ មិនច្របូកច្របល់ ផ្គងព្យាយាម ពោលធុតគុណ ដូច្នេះហើយ ក៏រឹងរឹតតែនិមន្តដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះបាននិយាយយ៉ាងនេះថា កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះវត្ថុ ៣ ប្រការ មានក្នុងទីចំពោះមុខ គឺកុលបុត្រមានសទ្ធាបានបុណ្យច្រើន ព្រោះសទ្ធាមានក្នុងទីចំពោះមុខ ១ កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះទេយ្យធម៌មានក្នុងទីចំពោះមុខ ១ កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះពួកទក្ខិណេយ្យបុគ្គលមានក្នុងទីចំពោះមុខ ១ សទ្ធារបស់ពួកអ្នកក៏មាន ទេយ្យធម៌ក៏មានព្រម អាត្មាក៏ជាអ្នកទទួល បើអាត្មានឹងមិនទទួល កាលបើយ៉ាងនេះ ពួកអ្នកមុខជាឃ្លាតឆ្ងាយចាកបុណ្យមិនខាន អាត្មាមិនមានសេចក្តីត្រូវការដោយវត្ថុនេះទេ ប៉ុន្តែអាត្មាទទួល ដើម្បីអនុគ្រោះដល់ពួកអ្នកទេតើ តាំងពីនោះមក ភិក្ខុនោះទទួលចីវរក៏ច្រើន ទទួលបិណ្ឌបាតក៏ច្រើន ទទួលសេនាសនៈក៏ច្រើន
ID: 637353661626111206
ទៅកាន់ទំព័រ៖