ព្រះត្រៃបិដក ភាគ ៦៦
            
        
        
            
            
                
                ទទួលគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ច្រើន។ ការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះ ឯណា នេះលោកហៅថា វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ។
 វត្ថុនៃការកុហកចំណែកខាងឥរិយាបថ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ប្រាថ្នាការសរសើរ (គិត) ថា អ្នកផងនឹងសរសើរអាត្មាអញយ៉ាងនេះ ហើយរៀបចំដំណើរ រៀបចំការឈរ រៀបចំការអង្គុយ រៀបចំការដេក ប្រុងចិត្តហើយទើបដើរ ប្រុងចិត្តហើយទើបឈរ ប្រុងចិត្តហើយទើបអង្គុយ ប្រុងចិត្តហើយទើបសម្រចនូវការដេក ដើរធ្វើហាក់ដូចជាចូលកាន់សមាធិ ឈរធ្វើហាក់ដូចជាចូលកាន់សមាធិ អង្គុយធ្វើហាក់ដូចជាចូលកាន់សមាធិ សម្រេចការដេកធ្វើហាក់ដូចជាចូលកាន់សមាធិ ជាបុគ្គលហាក់ដូចជាចូលឈានក្នុងគន្លងចក្ខុ (នៃអ្នកផង)។ កិរិយាផ្គូផ្គង កិរិយាតំកល់ កិរិយារៀបចំនូវឥរិយាបថ កិរិយាធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន កិរិយាបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា វត្ថុនៃការកុហក ចំណែកខាងឥរិយាបថ។
            
            
         
        
            
                ID: 637353661971963364 
                
            
            
                ទៅកាន់ទំព័រ៖