ព្រះត្រៃបិដក ភាគ ៦៦
នៅក្នុងរោងឆាន់ នៅក្នុងបារាំ នៅក្នុងម្លប់ឈើបែបនេះ ស្រមណ៍នោះមានស័ក្តិធំ។ មួយទៀត ភិក្ខុធ្វើមុខស្រងូតស្រងាត់ ធ្វើមុខស្រពោនស្រពាប់ បំភាន់បំភាំង និយាយរាក់ទាក់ ត្រូវគេសរសើរដោយអំណាចមាត់ ក៏ពោលសំដីដ៏ជ្រៅ កំបាំង ល្អិត ដ៏បិទបាំង ប្រកបព្រមដោយព្រះនិព្វានដែលជាលោកុត្តរធម៌ ប្រាកដដូចនោះថា ស្រមណ៍នេះ ជាអ្នកបានវិហារសមាបត្តិទាំងឡាយ ដ៏រំងាប់ មានសភាពយ៉ាងនេះ។ កិរិយាធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន កិរិយាបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា វត្ថុនៃការកុហកចំណែកខាងការពោលក្នុងទីជិត។
វត្ថុនៃការកុហកទាំង ៣ នេះ ព្រះពុទ្ធមានជោគបានលះបង់ ក្បិលក្របែល រំលត់ រំលាយ រំសាយរំសោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា ព្រះអង្គមិនកុហក ហេតុនោះ (លោកពោលថា) ព្រះអង្គមិនកុហក។
[១៩៩] អធិប្បាយពាក្យថា ព្រះអង្គជាមេពួក ទ្រង់យាងមក ត្រង់ពាក្យថា ព្រះអង្គជាមេពួក គឺព្រះមានព្រះភាគជាមេពួក។ ព្រះមានព្រះភាគ ឈ្មោះថា មេពួក ព្រោះជាអាចារ្យរបស់ពួក។ ឈ្មោះថា មេពួក ព្រោះជាគ្រូរបស់ពួក។ ឈ្មោះថា មេពួក ព្រោះគ្រប់គ្រងពួក។ ឈ្មោះថា មេពួក ព្រោះទូន្មានពួក។ ឈ្មោះថា មេពួក ព្រោះប្រដែប្រដៅពួក។
ID: 637353662629838602
ទៅកាន់ទំព័រ៖