ព្រះត្រៃបិដក ភាគ ៦៦
ការគប្បីលែងនៃបុគ្គលណា មាន ការប្រកាន់នៃបុគ្គលនោះ ក៏មាន។ ព្រះអរហន្តកន្លងនូវការប្រកាន់ និងការលែង គឺប្រព្រឹត្តកន្លងនូវសេចក្តីចំរើន និងសេចក្តីសាបសូន្យ។ ព្រះអរហន្តនោះ មានការនៅ (ក្នុងអរិយវាសៈ) នៅរួចហើយ មានការប្រព្រឹត្តិសន្សំហើយ។បេ។ ភពថ្មីនៃលោក មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តា មិនមាន ឬថា និរត្តា (នឹងមាន) អំពីណា។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា
ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិនគប្បីស្វែងរកនូវការរម្ងាប់ដោយឧបាយដទៃទេ ភិក្ខុរម្ងាប់កិលេសខាងក្នុងហើយ អត្តា មិនមានទេ ឬថា និរត្តា នឹងមានអំពីណា។
[២៤] រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណាមិញ ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រ យ៉ាងនោះឯង មិនគប្បីធ្វើនូវការប៉ោងឡើងក្នុងហេតុនីមួយ។
[២៥] ពាក្យថា រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណាមិញ អធិប្បាយថា សមុទ្រមានជំរៅទៅខាងក្រោម ប្រាំបីម៉ឺនបួនពាន់យោជន៍ ទឹកខាងក្រោមបួនម៉ឺនយោជន៍ កម្រើកដោយហ្វូងត្រី និងអណ្តើក ទឹកខាងលើបួនម៉ឺនយោជន៍ កម្រើកដោយខ្យល់
ID: 637351914933015824
ទៅកាន់ទំព័រ៖