ព្រះត្រៃបិដក ភាគ ៦៦

ទឹក​ត្រង់​កណ្តាល​បួន​ពាន់​យោជន៍​ មិន​កម្រើក មិន​រង្គើ មិន​ញ័រ មិន​រញ្ជួយ មិន​រញ្ជួយ​ខ្លាំង មិន​វិល ជាស​មុទ្រ​មិន​កម្រើក​ មិន​រំជួល មិន​កក្រើក មិន​កករ មិន​ផុល ជាស​មុទ្រ​ស្ងប់ស្ងាត់ រលក​ក្នុង​ទីនោះ មិនកើត​ឡើង​ តាំងនៅ​នឹង យ៉ាងណាមិញ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) រលក​មិនកើត​ឡើង​ត្រង់​ទី​ពាក់កណ្តាល​សមុទ្រ តាំងនៅ​នឹង​ យ៉ាងណាមិញ (ភិក្ខុ​តាំងនៅ​នឹង​) យ៉ាងនេះ​ឯង។ ម្យ៉ាងទៀត សីទន្តរ​សមុទ្រ​ក្នុង​ចន្លោះភ្នំ​ទាំង​ ៧ ទឹក​ក្នុង​សមុទ្រ​នោះ មិន​កម្រើក មិន​រង្គើ មិន​ញ័រ មិន​រញ្ជួយ មិន​រញ្ជួយ​ខ្លាំង​ មិន​វិល ជាស​មុទ្រ​មិន​កម្រើក មិន​រំជួល មិន​កក្រើក មិន​កករ មិន​ផុល ជាស​មុទ្រ​ស្ងប់ស្ងាត់​ រលក​មិនកើត​ក្នុង​សមុទ្រ​នោះ សមុទ្រ​តាំងនៅ​នឹង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) រលក​មិនកើត​ត្រង់​ទី​ពាក់កណ្តាល​នៃ​សមុទ្រ (សមុទ្រ​នោះ​) តាំងនៅ​នឹង យ៉ាងណាមិញ (ភិក្ខុ​តាំងនៅ​នឹង​) យ៉ាងនេះ​ឯង។
 [២៦​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​គប្បី​តាំងនៅ​នឹងនួន​ មិន​ញាប់ញ័រ​យ៉ាងនោះ​ឯង ត្រង់​ពាក្យ​ថា យ៉ាងនោះ គឺ​ជា​ពាក្យ​ញុំាង​សេចក្តី​ឧបមា​ឲ្យ​សម្រេច​ ពាក្យ​ថា តាំងនៅ​នឹងនួន គឺ​មិន​កម្រើក មិន​កក្រើក​ព្រោះ​លាភ មិន​កម្រើក​ព្រោះ​ឥត​លាភ​ មិន​កម្រើក ព្រោះ​យស មិន​កម្រើក​ព្រោះ​ឥត​យស មិន​កម្រើក​ព្រោះ​សេចក្តី​សរសើរ មិន​កម្រើក​ ព្រោះ​និន្ទា មិន​កម្រើក​ព្រោះ​សេចក្តី​សុខ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637351915273997817
ទៅកាន់ទំព័រ៖