ព្រះត្រៃបិដក ភាគ ៦៦
ពុំនោះសោត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន ដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយ ៗ នូវការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺ រាំ ច្រៀង ប្រគំ មហោស្រព និយាយរឿង គង រគាំង ស្គរមានជ្រុង ៤ រូបគំនូរ ល្បែងដំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុនដំបង ប្រដាល់ ចំបាប់ ទីសម្រាប់ច្បាំងគ្នា ទីសម្រាប់រៀបពល លំនៅកងទ័ព ទីសម្រាប់មើលសេនាប្រកបដោយអង្គ ៤ ជាអ្នកប្រកបរឿយ ៗ នូវការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ ដូច្នេះ ៗ ខ្លះ នេះក៏ហៅថា អគោចរដែរ។ សូម្បីតែកាមគុណទាំង ៥ ក៏ឈ្មោះថា អគោចរ។ សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រព្រឹត្តក្នុងអគោចរដែលជាវិស័យនៃសត្រូវ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្តក្នុងអគោចរ ដែលជាវិស័យនៃសត្រូវ មារនឹងបានចន្លោះ មារនឹងបានអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ អគោចរ របស់ភិក្ខុដែលជាវិស័យនៃសត្រូវ គឺអ្វី គឺកាមគុណទាំង ៥ កាមគុណទាំង ៥ តើដូចម្តេចខ្លះ
ID: 637353670745492137
ទៅកាន់ទំព័រ៖