ព្រះត្រៃបិដក ភាគ ៦៦

មានចិត្ត​ស្លុង​ទៅកាន់​ការ​កើត ការ​វិនាស អានិសង្ស ទោស និង​ការ​រលាស់​ចេញ​នៃ​ឧបាទានក្ខន្ធ​ទាំង​ ៥ ផង នៃ​មហាភូតរូប​ទាំង ៤ ផង។ មានចិត្ត​បញ្ជូន​ទៅ​ថា របស់​ណា មានការ​កើតជា​ធម្មតា​ របស់​ទាំងអស់​នោះ មានការ​រលត់​ជា​ធម្មតា។ ពាក្យ​ថា ភិក្ខុ គឺ​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន​ ឬភិក្ខុ​ជា​សេក្ខៈ ហេតុ​នោះ (លោក​សួរ​ថា​) ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅ។ ហេតុ​នោះ ព្រះ​សារីបុត្ត ពោល​ថា​
ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅ​ហើយ​នោះ ត្រូវ​មានសំដី​ដូចម្តេច ភិក្ខុ​នោះ​ ត្រូវ​មាន​គោចរ​ដូចម្តេច ក្នុង​សាសនា​នេះ ត្រូវ​មាន​សីល និង​វត្ត​ដូចម្តេច។
[២២២​] ភិក្ខុ​នោះ សមាទាន​សិក្ខា​ដូចម្តេច មានចិត្ត​ខ្ពស់​ឯក​ មាន​ប្រាជ្ញា មានស្មារតី (ដូចម្តេច​) ទើប​កំចាត់​បង់​មន្ទិល​របស់​ខ្លួន​បាន ដូច​ជាង​លោហៈ ដេញ​មន្ទិល​ប្រាក់។

 [២២៣​] ពាក្យ​ថា ភិក្ខុ​នោះ សមាទាន​សិក្ខា​ដូចម្តេច​ គឺ​ភិក្ខុ​នោះ កាន់ សមាទាន កាន់​យក កួច​កាន់ បបោសអង្អែល ប្រកាន់​ស្អិត នូវ​សិក្ខា​ដូចម្តេច​ ហេតុ​នោះ (លោក​សួរ​ថា​) ភិក្ខុ​នោះ សមាទាន​សិក្ខា​ដូចម្តេច។ ពាក្យ​ថា មានចិត្ត​ខ្ពស់​ឯក មាន​ប្រាជ្ញា​ មានស្មារតី ត្រង់​ពាក្យ​ថា មានចិត្ត​ខ្ពស់​ឯក គឺ​មានចិត្ត មាន​អារម្មណ៍​តែមួយ មានចិត្ត​មិន​រវើរវាយ​ មានចិត្ត​មិន​រសេមរសាម ហេតុ​នោះ (លោក​សួរ​ថា​) មានចិត្ត​ខ្ពស់​ឯក។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637353673661035333
ទៅកាន់ទំព័រ៖