ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា មានប្រាជ្ញា គឺមានប្រាជ្ញាចាស់ ជាបណ្ឌិតមានប្រាជ្ញា មានការដឹង មានញាណ មានការភ្លឺច្បាស់ មានប្រាជ្ញាកំចាត់បង់កិលេស។ ពាក្យថា មានស្មារតី គឺមានស្មារតី ដោយហេតុ ៤ គឺមានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវកាយក្នុងកាយ មានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ មានស្មារតី ចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវចិត្តក្នុងចិត្ត មានស្មារតីចំរើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវធម៌ក្នុងធម៌ទាំងឡាយ។ ភិក្ខុនោះ ហៅថា អ្នកមានស្មារតី។ ត្រង់ពាក្យថា ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច គឺលោកសួរអធិសីលសិក្ខា។ ត្រង់ពាក្យថា មានចិត្តខ្ពស់ឯក គឺលោកសួរអធិចិត្តសិក្ខា។ ត្រង់ពាក្យថា មានប្រាជ្ញា គឺលោកសួរអធិប្បញ្ញាសិក្ខា។ ត្រង់ពាក្យថា មានស្មារតី គឺលោកសួរសតិបារិសុទ្ធិ ហេតុនោះ (លោកសួរថា) ភិក្ខុនោះ មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី សមាទានសិក្ខា ដូចម្តេច។
[២២៤] ពាក្យថា ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដែលដេញមន្ទិលប្រាក់ អធិប្បាយថា ជាងមាស លោកហៅថា ជាងលោហៈ។ ជាតរូប លោកហៅថា ប្រាក់។ ជាងមាស កំចាត់ ដុសខាត់ ដេញមន្ទិលប្រាក់ដ៏គ្រោតគ្រាតផង កំចាត់ ដុសខាត់ ដេញមន្ទិលធុនកណ្តាលផង កំចាត់ ដុសខាត់ ដេញមន្ទិលធុនល្អិតផង។
ID: 637353673995705761
ទៅកាន់ទំព័រ៖