ព្រះត្រៃបិដក ភាគ ៦៦
នូវមិច្ឆាសមាធិ ដោយសម្មាសមាធិ នូវមិច្ឆាញាណ ដោយសម្មាញាណ នូវមិច្ឆាវិមុត្តិ ដោយសម្មាវិមុត្តិ។ មួយវិញទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីក្រហល់ក្រហាយទាំងអស់ អភិសង្ខារ ជាអកុសលទាំងអស់ ដោយអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (លោកសួរថា) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដេញមន្ទិលប្រាក់។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា
ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដេញមន្ទិលប្រាក់។
[២២៥] (ព្រះមានព្រះភាគត្រាស់តបថា ម្នាលសារីបុត្ត) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម សេពទីអង្គុយ ទីដេកដ៏ស្ងាត់ មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង។
[២២៦] អធិប្បាយពាក្យថា ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម ត្រង់ពាក្យថា កាលខ្ពើមរអើម គឺខ្ពើមរអើមព្រោះជាតិ ព្រោះជរា
ID: 637353674864563137
ទៅកាន់ទំព័រ៖