ព្រះត្រៃបិដក ភាគ ៦៦

មិនមែន​ដោយ​ការ​ប្រកាន់​តាម​ត្រិះរិះ មិនមែន​ដោយ​ការ​ប្រកាន់​តាមន័យ មិនមែន​ត្រិះរិះ​ដោយ​អាការៈ​ មិនមែន​ដោយ​ការពិចារណា​តាមការគួរ​ដោយ​ទិដ្ឋិ​ទេ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត នឹង​ប្រាប់​ការ​សប្បាយ​នោះ​ដល់​អ្នក​ តាម​ទំនង​ដែល​តថាគត​ដឹង។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ ត្រាស់​តប​ថា​ ម្នាល​សារីបុត្ត​) ការ​សប្បាយ​ណា របស់​ភិក្ខុ​កាល​ខ្ពើមរអើម សេព​ទី​អង្គុយ ទីដេក​ដ៏​ស្ងាត់​ មានបំណង​នូវ​សម្ពោធិញ្ញាណ តាមលំដាប់​ធម៌ តថាគត​នឹង​ប្រាប់​ការ​សប្បាយ​នោះ​ដល់​អ្នក​ តាម​ទំនង​ដែល​តថាគត​ដឹង។
[២៣១​] ភិក្ខុ​ជា​ធី​រៈ មានស្មារតី ប្រព្រឹត្ត​ធម៌​ប្រកបដោយ​ទីបំផុត​ជុំវិញ​ មិន​គប្បី​ខ្លាច​ចំពោះ​ភ័យ ៥ យ៉ាង គឺ​របោម មមាច ពស់ សម្ផ័​ស្ស​របស់​មនុស្ស និង​សត្វចតុប្បាទ។

 [២៣២​] ពាក្យ​ថា ធី​រៈ ក្នុង​បទ​ថា ធី​រៈ មិន​គប្បី​ខ្លាច​ចំពោះ​ភ័យ​ ៥ យ៉ាង បាន​ដល់ ធី​រៈ បណ្ឌិត អ្នកមាន​ប្រាជ្ញា មានការ​ត្រាស់​ដឹង មាន​ញាណ មានការ​ភ្លឺច្បាស់​ មាន​ប្រាជ្ញា​ជា​គ្រឿង​កំចាត់​បង់​នូវ​កិលេស។ ភិក្ខុ​ជា​ធី​រៈ មិន​គប្បី​ខ្លាច មិន​គប្បី​តក់ស្លុត​ មិន​គប្បី​រន្ធត់ មិន​គប្បី​ស្លន់ស្លោ មិន​គប្បី​ដល់​នូវ​សេចក្តី​តក់ស្លុត មិន​គប្បី​ជា​អ្នក​ស្លន់​ មិន​ញាប់ញ័រ
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637353676878081220
ទៅកាន់ទំព័រ៖