ព្រះត្រៃបិដក ភាគ ៦៦

ការ​ប៉ោង​ឡើង​គឺ​កម្ម។ ភិក្ខុ​មិន​គប្បី​ធ្វើ មិន​គប្បី​ឲ្យ​កើត មិន​គប្បី​ឲ្យ​កើត​ព្រម មិន​គប្បី​បង្កើត​ មិន​គប្បី​បង្កើត​ចំពោះ​នូវ​ការ​ប៉ោង​ឡើង​នោះ។ ពាក្យ​ថា ក្នុង​ហេតុ​នីមួយ​ គឺ​ក្នុង​ហេតុ​នីមួយ អ្វី​ៗ ណាៗ ខាងក្នុង​ក្តី ខាងក្រៅ​ក្តី ទាំង​ខាងក្នុង ខាងក្រៅ​ក្តី​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​នូវ​ការ​ប៉ោង​ឡើង​ក្នុង​ហេតុ​នីមួយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ ត្រាស់​ហើយ​ថា​
រលក​មិនកើត​ត្រង់​ទី​ពាក់កណ្តាល​នៃ​សមុទ្រ (សមុទ្រ​នោះ​) តាំងនៅ​នឹង យ៉ាងណាមិញ ភិក្ខុ​គប្បី​តាំងនៅ​នឹងនួន​ មិន​ញាប់ញ័រ យ៉ាងនោះ​ឯង មិន​គប្បី​ធ្វើ​នូវ​ការ​ប៉ោង​ឡើង​ក្នុង​ហេតុ​នីមួយ។
[២៨​] (ព្រះពុទ្ធ​និម្មិត​ត្រាស់​ថា​) ព្រះអង្គ​មាន​ចក្ខុ​បើក​ហើយ បាន​សំដែងធម៌​ដែល​ព្រះអង្គ​ជ្រាប​ ដោយ​ព្រះអង្គ​ឯង ជា​គ្រឿង​នាំចេញ​នូវ​អន្តរាយ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា​ បាតិមោក្ខ និង​សមាធិ។

 [២៩​] អធិប្បាយ​ពាក្យ​ថា ព្រះអង្គ​មាន​ចក្ខុ​បើក​ហើយ បាន​សំដែង ត្រង់​ពាក្យ​ថា បាន​សំដែង​ គឺ​បាន​សំដែង ប្រាប់ ពន្យល់ បញ្ញ​ត តែងតាំង​ បើក ចែក ធ្វើឲ្យ​ងាយ ប្រកាស ហេតុ​នោះ (ទ្រង់​ត្រាស់​) ថា បាន​សំដែង។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637351915981121748
ទៅកាន់ទំព័រ៖