ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ដោយ​ឧបាយ ហើយ​បរិភោគ​អាហារ​ថា អាត្មាអញ​មិន​បរិភោគ​ដើម្បី​ការ​លេង​ មិន​ដើម្បី​ការ​ស្រវឹង មិន​ដើម្បី​ការ​តាក់តែង មិន​ដើម្បី​ការ​ផូរផង់​ គ្រាន់តែ​ដើម្បី​ការតាំងនៅ​នៃ​កាយ​នេះ ដើម្បី​ការ​ញុំាង​ជីវិតិន្រ្ទិយ​ឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ និង​កំចាត់​បង់​នូវ​វេទនា​ចាស់​ផង​ និង​មិន​ញុំាង​វេទនា​ថ្មី​ឲ្យ​កើតឡើង​ផង កិរិយា​ប្រព្រឹត្តទៅ (នៃ​ឥរិយាបថ​ទាំង ៤) ផង សេចក្តី​មិន​មានទោស​ផង ការ​នៅ​សប្បាយ​ផង​ នឹង​មានដល់​អាត្មាអញ ដូច្នេះ ភិក្ខុ​ពិចារណា​នូវ​អាហារ ឧបមា​ដោយ​ប្រេង​សម្រាប់​លាប​ភ្លៅរទេះ​ និង​សំពត់​សម្រាប់​រុំ​ដំបៅ និង​សាច់​កូន ប្រព្រឹត្ត​ក្នុង​ទីបំផុត​ជុំវិញ​ដោយ​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ខាងក្នុង​ មិន​ទំ​លាយ​នូវ​ខេត្ត​ដែន នេះ​ទីបំផុត​ជុំវិញ ដោយ​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន។
 ទីបំផុត​ជុំវិញ ដោយ​ការ​ប្រកប​រឿយ ៗ នូវ​ការ​ភ្ញាក់​រលឹក​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ញុំាង​ចិត្ត​ឲ្យ​បរិសុទ្ធ​ចាក​ធម៌​ជា​គ្រឿង​រារាំង​ ដោយ​ការ​ចង្រ្កម ដោយ​ការ​អង្គុយ អស់​វេលា​ថ្ងៃ ញុំាង​ចិត្ត​ឲ្យ​បរិសុទ្ធ ចាក​ធម៌​ជា​គ្រឿង​រារាំង​ ដោយ​ការ​ចង្រ្កម ដោយ​ការ​អង្គុយ​អស់​បឋមយាម​នៃ​រាត្រី សម្រេច​សីហសេយ្យា ដោយ​ផ្អៀង​ខាងស្តាំ អស់​មជ្ឈិមយាម​នៃ​រាត្រី យកជើង​តម្រួត​លើ​ជើង​ មានស្មារតី ដឹងខ្លួន ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សញ្ញា​ថា​នឹង​ក្រោក ហើយ​ក្រោក​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637353678051226923
ទៅកាន់ទំព័រ៖