ព្រះត្រៃបិដក ភាគ ៦៦

ជន​ទាំងឡាយ​ណា​នីមួយ មិន​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ មិន​ជ្រះថ្លា​ក្នុង​ព្រះធម៌​ មិន​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ លើកតែ​សហធម្មិក​បុគ្គល ៧ ពួក​ចេញ លោក​ហៅថា ពួក​អ្នក​កាន់​ធម៌​ដទៃ។ ​ពួក​ជន​នោះ គប្បី​សួរ​ប្រស្នា​នឹង​ភិក្ខុ ឬលើក​វាទៈ ជេរប្រទេច ខឹង​ក្រេវក្រោធ បៀតបៀន​ បៀត​បៀន​ផ្សេង​ៗ គ្រប​សង្កត់ ជិះជាន់ ប្រហារ ប្រហារ​ខ្លាំង ធ្វើ​នូវ​ការបៀតបៀន​ខ្លាំង​ ភិក្ខុ​ឃើញ​ក្តី ឮក្តី នូវ​ហេតុ​គួរខ្លាច​ដ៏​ច្រើន របស់​ជន​នោះ មិន​គប្បី​ញាប់ញ័រ​ មិន​គប្បី​រន្ធត់ មិន​គប្បី​សស្លើតសស្លក់ មិន​គប្បី​តក់ស្លុត មិន​គប្បី​ស្លុតរន្ធត់​ មិន​គប្បី​រំភើប មិន​គប្បី​ញ័រចំប្រប់ មិន​គប្បី​ខ្លាច មិន​គប្បី​ដល់​នូវ​ការតក់ស្លុត​ គប្បី​ជា​អ្នក​មិន​ខ្លាច មិន​ញាប់ញ័រ មិន​តក់ស្លុត មិន​រត់ចេញ លះបង់​នូវ​សេចក្តី​ខ្លាច និង​ការ​ភ្លឹក​ មានការ​ព្រឺរោម​ទៅ​ប្រាស​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​ឃើញ​ហេតុ​គួរខ្លាច​ដ៏​ច្រើន​ របស់​ពួក​អ្នក​កាន់​ធម៌​ដទៃ​នោះ មិន​គប្បី​តក់ស្លុត​ទេ។ ​;
 [២៣៨​] ពាក្យ​ថា មួយទៀត ភិក្ខុ​ទាំងឡាយ អ្នក​ស្វែងរក​កុសលធម៌ គប្បី​គ្រប​សង្កត់​អន្តរាយ​ទាំងឡាយ​ដទៃ​បាន​ សេចក្តី​ថា មួយទៀត សេចក្តី​អន្តរាយ​ទាំងឡាយ​ដទៃ ដែល​គួរ​គ្រប​សង្កត់ ជិះជាន់​ សង្កត់សង្កិន បំផ្លាញ ញំា​ញី ក៏​មាន។ ពាក្យ​ថា សេចក្តី​អន្តរាយ បាន​ដល់ សេចក្តី​អន្តរាយ​ ២ គឺ អន្តរាយ​ប្រាកដ ១ អន្តរាយ​កំបាំង ១។បេ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637353679154276570
ទៅកាន់ទំព័រ៖