ព្រះត្រៃបិដក ភាគ ៦៦
ឈ្មោះថា អន្តរាយ ព្រោះជាសភាពអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ពាក្យថា អ្នកស្វែងរកកុសលធម៌ គឺភិក្ខុអ្នកស្វែងរក ស្វះស្វែងរក ប្រមើលរកនូវការប្រតិបត្តិល្អ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិដ៏សមគួរដល់អត្ថ។បេ។ នូវមគ្គដ៏ប្រសើរមានអង្គ ៨ ព្រះនិព្វាន ការប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់ ជិះជាន់ សង្កត់សង្កិន បំផ្លាញ ញំាញី នូវសេចក្តីអន្តរាយទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន។
[២៣៩] ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ ឬគម្លានពាល់ត្រូវហើយ គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការដ៏ច្រើននោះ ពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស គប្បីធ្វើព្យាយាម ប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់។
[២៤០] ពាក្យថា ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ (ឬ) គម្លាន ពាល់ត្រូវហើយ សេចក្តីថា សម្ផ័ស្សនៃរោគ លោកហៅថា សម្ផ័ស្សជម្ងឺ។
ID: 637353679594674228
ទៅកាន់ទំព័រ៖