ព្រះត្រៃបិដក ភាគ ៦៦

គប្បី​ជា​អ្នក​ប្រកបដោយ​ជាតិ ជា​អ្នក​អត់ធន់​វេទនា ប្រព្រឹត្តទៅ​ក្នុង​សរីរៈ​ដែល​កើត​ហើយ​ ជា​ទុក្ខ​ខ្លាំងក្លា ខ្លោចផ្សា ក្តៅ​ផ្សា មិន​ស្រួល មិនជា​ទីគាប់ចិត្ត ដែល​អាច​នាំ​យកជីវិត​បាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​គប្បី​អត់សង្កត់​ចំពោះ​ត្រជាក់ និង​ក្តៅ។
 [២៤២​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ ដែល​អាការ​ដ៏​ច្រើន​នោះ​ពាល់ត្រូវ​ហើយ​ មិន​គប្បី​ជា​អ្នកធ្វើ​ឱកាស ត្រង់​ពាក្យ​ថា ភិក្ខុ​នោះ​ដែល​អាការ​នោះ គឺ​ភិក្ខុ​នោះ​ជា​អ្នក​ត្រូវ​សម្ផ័​ស្ស​ជម្ងឺ​ផង​ គម្លាន​ផង ត្រជាក់​ផង ក្តៅ​ផង ពាល់ត្រូវ គ្រប​សង្កត់ ស្រោច​ចុះ ប្រកប​ព្រម ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ ដែល​អាការ​នោះ​ពាល់ត្រូវ​ហើយ។ ពាក្យ​ថា ដោយ​ច្រើន គឺ​ត្រូវ​អាការ​ច្រើនយ៉ាង​ពាល់ត្រូវ គ្រប​សង្កត់ ស្រោច​ចុះ ប្រកប​ព្រម​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ​ដែល​អាការ​ដ៏​ច្រើន​នោះ​ពាល់ត្រូវ​ហើយ។ ពាក្យ​ថា មិន​គប្បី​ជា​អ្នកធ្វើ​ឱកាស​ គឺ​ឈ្មោះថា​មិន​ធ្វើ​ឱកាស ព្រោះ​មិន​ធ្វើ​ឱកាស​ដល់​វិញ្ញាណ ដែល​ប្រកបដោយ​អភិសង្ខារ​ក៏​មាន​ ឬឈ្មោះថា មិន​ធ្វើ​ឱកាស ព្រោះ​មិន​ធ្វើ​ឱកាស​ដល់​កាយទុច្ចរិត វចីទុច្ចរិត​ មនោ​ទុច្ចរិត ក៏​មាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ ដែល​អាការ​ដ៏​ច្រើន​នោះ ពាល់ត្រូវ​ហើយ មិន​គប្បី​ជា​អ្នកធ្វើ​ឱកាស។
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637353680284552736
ទៅកាន់ទំព័រ៖