ព្រះត្រៃបិដក ភាគ ៦៦

 [២៤៣​] ពាក្យ​ថា គប្បី​ធ្វើ​ព្យាយាម​ប្រឹងប្រែង​ឲ្យ​នៅតែ​ម៉ឺងម៉ាត់​ សេចក្តី​ថា ការ​ព្យាយាម​តឹងតែង ការ​សង្វាត ការ​ប្រឹងប្រែង ការ​ឱហាត ការ​ព្យាយាម ការ​ឧស្សាហ៍​ ការ​ខ្មីឃ្មាត ការ​មិន​បន្ធូរបន្ថយ កម្លាំងកាយ ការ​តាំង​មាំ ការ​ប្រឹងប្រែង​មិន​ធូរ​ថយ​ ការ​មិន​ដាក់ចុះ​នូវ​សេចក្តី​ប្រាថ្នា ការ​មិន​ដាក់ធុរៈ ការ​ផ្គង​ធុរៈ ការ​ព្យាយាម ការ​ព្យាយាម​ជាធំ​ ការ​ព្យាយាម​ជា​កំឡាំង ការ​ព្យាយាម​ត្រូវ ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ឯណា នោះ លោក​ហៅថា​ ការ​ព្យាយាម​ប្រឹងប្រែង។ ភិក្ខុ​គប្បី​ធ្វើ​ព្យាយាម​ប្រឹងប្រែង​ឲ្យ​ម៉ឺងម៉ាត់ គឺ​គប្បី​ជា​អ្នក​សមាទាន​ដ៏​មាំទាំ​ ជា​អ្នក​សមាទាន​ដ៏​មុតមាំ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​គប្បី​ធ្វើ​ព្យាយាម​ប្រឹងប្រែង​ឲ្យ​ម៉ឺងម៉ាត់។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ភិក្ខុ​ត្រូវ​សម្ផស្ស​ជម្ងឺ (ឬ) គំលាន​ពាល់ត្រូវ​ហើយ គប្បី​ទ្រាំអត់​ចំពោះ​ត្រជាក់​ និង​ក្តៅ ភិក្ខុ​នោះ ដែល​អាការ​ដ៏​ច្រើន​នោះ​ពាល់ត្រូវ​ហើយ មិន​គប្បី​ជា​អ្នកធ្វើ​ឱកាស​ គប្បី​ធ្វើ​ព្យាយាម​ប្រឹងប្រែង​ឲ្យ​នៅតែ​ម៉ឺងម៉ាត់។
[២៤៤​] ភិក្ខុ​មិន​គប្បី​ធ្វើការ​លួច មិន​គប្បី​ពោល​កុហក​ គប្បី​ផ្សព្វផ្សាយ​មេត្តា ចំពោះ​ពួក​សត្វ ដែល​មាន​សន្តាន​តក់ស្លុត និង​មាន​សន្តាន​រឹងប៉ឹង​ ភិក្ខុ​បើ​ដឹងសេចក្តី​ល្អក់​ចិត្ត​ក្នុង​កាលណា គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់​ចិត្ត​នោះ​ (ដោយ​គិត​) ថា នេះ​ប័ក្ខ​ពួក​របស់​ខ្មៅ ក្នុង​កាលនោះ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637353680678092853
ទៅកាន់ទំព័រ៖