ព្រះត្រៃបិដក ភាគ ៦៦

 [២៤៥​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​មិន​គប្បី​ធ្វើការ​លួច មិន​គប្បី​ពោល​កុហក​ ត្រង់​ពាក្យ​ថា មិន​គប្បី​ធ្វើការ​លួច សេចក្តី​ថា ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​ជា​អ្នក​លះបង់​អទិន្នាទាន​ វៀរ​ស្រឡះ​ចាក​អទិន្នាទាន កាន់​យក​តែ​របស់​ដែលគេ​ឲ្យ ប្រាថ្នា​តែ​របស់​ដែលគេ​ឲ្យ​ មានខ្លួន​ជា​អ្នក​មិន​លួច មាន​សភាព​ដ៏​ស្អាត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើការ​លួច។ ពាក្យ​ថា មិន​គប្បី​ពោល​កុហក​ គឺ​ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​ជា​អ្នក​លះបង់​មុសាវាទ វៀរ​ស្រឡះ​ចាក​មុសាវាទ​ ជា​អ្នកពោល​តែ​ពាក្យពិត តពាក្យពិត មាន​វាចា​ខ្ជាប់ខ្ជួន គួរឲ្យ​អ្នកផង​ជឿ​បាន មិន​ពោល​បំភាន់​សត្វលោក​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មិន​គប្បី​ធ្វើការ​លួច មិន​គប្បី​ពោល​កុហក។
 [២៤៦​] អធិប្បាយ​ពាក្យ​ថា គប្បី​ផ្សព្វផ្សាយ​មេត្តា ចំពោះ​ពួក​សត្វ​ដែល​មាន​សន្តាន​តក់ស្លុត​ និង​មាន​សន្តាន​រឹងប៉ឹង ត្រង់​ពាក្យ​ថា មេត្តា បាន​ដល់ សេចក្តី​រាប់អាន អាការ​នៃ​សេចក្តី​រាប់អាន​ ភាព​នៃ​សេចក្តី​រាប់អាន សេចក្តី​អាណិត អាការ​នៃ​សេចក្តី​អាណិត ភាព​នៃ​សេចក្តី​អាណិត​ ការស្វែងរក​ប្រយោជន៍ សេចក្តី​អនុគ្រោះ ការ​មិន​ព្យាបាទ ការ​មិន​ចងពៀរ កា​រមិ​នប្រ​ទុ​ស្ត​ កុសល​មូល ចំពោះ​ពួក​សត្វ។ ពួក​សត្វ​ដែល​មិនទាន់​លះបង់​សេចក្តី​តក់ស្លុត គឺ​តណ្ហា​ផង​ ​ពួក​សត្វ​ដែល​មិន​លះបង់​សេចក្តី​ភ័យ​ដ៏​ពន្លឹក​ផង ឈ្មោះថា ពួក​សត្វ​មាន​សន្តាន​តក់ស្លុត។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637353680998803937
ទៅកាន់ទំព័រ៖