ព្រះត្រៃបិដក ភាគ ៦៦

 ការ​សួរ​របស់​អមនុស្ស តើ​ដូចម្តេច។ ពួក​អមនុស្ស ចូល​ទៅ​សួរ​ប្រស្នា​នឹង​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ គឺ​ពួក​នាគ​សួរ ពួក​គ្រុឌ​សួរ ពួក​យក្ស​សួរ ពួក​អសុរ​សួរ ពួក​គន្ធព្វ​សួរ ពួក​មហារាជ​សួរ ពួក​ព្រះឥន្ទ្រ​សួរ​ ​ពួក​ព្រហ្ម​សួរ ពួក​ទេវតា​សួរ នេះ ការ​សួរ​របស់​អមនុស្ស។
 ការ​សួរ​របស់​និម្មិត តើ​ដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់​និម្មិត​រូប​ណា ដែល​សម្រេច​ដោយ​ព្រះទ័យ​ មាន​អវយវៈ​តូច​-ធំ​គ្រប់ មាន​ឥន្រ្ទិយ​មិន​ខ្វះខាត​ រូប​និម្មិត​នោះ ចូល​ទៅ​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់​ដោះស្រាយ​ នេះ ការ​សួរ​របស់​និម្មិត។ នេះ ការ​សួរ ៣។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រយោជន៍​ខ្លួន ការ​សួរ​ប្រយោជន៍​បុគ្គល​ដទៃ ការ​សួរ​ប្រយោជន៍​ទាំងពីរ។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រយោជន៍​បច្ចុប្បន្ន ការ​សួរ​ប្រយោជន៍​លោកខាងមុខ​ ការ​សួរ​ប្រយោជន៍​ដ៏​ក្រៃលែង។
 ការ​សួរ​ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រយោជន៍​មិន​មានទោស ការ​សួរ​ប្រយោជន៍​មិន​មាន​កិលេស​ ការ​សួរ​ប្រយោជន៍​ដ៏​ផូរផង់។
 ការ​សួរ​ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រារព្ធ​ធម៌​ជា​អតីត​ ការ​សួរ​ប្រារព្ធ​ធម៌​ជា​អនាគត ការ​សួរ​ប្រារព្ធ​ធម៌​ជា​បច្ចុប្បន្ន។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637351906182030743
ទៅកាន់ទំព័រ៖