ព្រះត្រៃបិដក ភាគ ៦៦

ពាក្យ​ថា​ មាន​ចក្ខុ​បើក​ហើយ គឺ​ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​បើក​ហើយ ដោយ​ចក្ខុ ៥ គឺ​មាន​ចក្ខុ​បើក​ ដោយ​មំសចក្ខុ ១ មាន​ចក្ខុ​បើក ដោយ​ទិព្វចក្ខុ ១ មាន​ចក្ខុ​បើក ដោយ​បញ្ញាចក្ខុ ១ មាន​ចក្ខុ​បើក​ ដោយ​ពុទ្ធ​ចក្ខុ ១ មាន​ចក្ខុ​បើក ដោ​យស​មន្ត​ចក្ខុ ១។
 ព្រះមានព្រះភាគ មាន​ចក្ខុ​បើក ដោយ​មំសចក្ខុ តើ​ដូចម្តេច។ ក្នុង​មំសចក្ខុ​របស់​ព្រះមានព្រះភាគ​ មាន​សម្បុរ ៥ គឺ​សម្បុរ​ខៀវ ១ សម្បុរ​លឿង ១ សម្បុរ​ក្រហម ១ សម្បុរ​ខ្មៅ ១ សម្បុរ​-ស ១។ រោម​ព្រះនេត្រ​ឋិតនៅ​ត្រង់​ទីណា​ ទីនោះ​មាន​សម្បុរ​ខៀវ ខៀវ​ល្អ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្កា​ត្រ​គៀ​ត។ ទី​ក្រៅអំពី​នោះ​ មាន​សម្បុរ​លឿង លឿង​ល្អ ដូច​សម្បុរ​មាស គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្កា​កណ្ណិ​ការ។ រណ្តៅ​ព្រះនេត្រ​ទាំងពីរ​ខាង​របស់​ព្រះមានព្រះភាគ មាន​សម្បុរ​ក្រហម ក្រហម​ល្អ​ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​អណ្តើក​មាស។ ត្រង់​កណ្តាល មាន​សម្បុរ​ខ្មៅ ខ្មៅ​ល្អ​ មិន​មាន​សៅហ្មង យ៉ាង​សិ្នទ្ធ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្លែ​ផ្គាំ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637351916302256997
ទៅកាន់ទំព័រ៖