ព្រះត្រៃបិដក ភាគ ៦៦

 [២៥០​] ពាក្យ​ថា ភិក្ខុ​មិន​គប្បី​លុះ​អំ​ណា​ក្រោធ និង​ការ​មើលងាយ​ ត្រង់​ពាក្យ​ថា ក្រោធ បាន​ដល់​ការ​អាឃាត ការ​គំនុំ​របស់​ចិត្ត។បេ។ ភាពជា​អ្នក​កាច ការ​ចេញទឹកភ្នែក​ ការ​អាក់អន់​ចិត្ត។ ពាក្យ​ថា ការ​មើលងាយ សេចក្តី​ថា បុគ្គល​ខ្លះ​ក្នុង​លោក​នេះ មើលងាយ​បុគ្គល​ដទៃ​ដោយ​ជាតិ​ក៏​មាន​ ដោយ​គោត្រ​ក៏​មាន។បេ។ ដោយ​វត្ថុ​ណាមួយ ក៏​មាន។ ពាក្យ​ថា មិន​គប្បី​លុះអំណាច​ក្រោធ និង​ការ​មើលងាយ​ បាន​សេចក្តី​ថា មិន​គប្បី​លុះអំណាច​ក្រោធ​ផង ការ​មើលងាយ​ផង គប្បី​លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព នូវ​សេចក្តី​ក្រោធ​ផង នូវ​ការ​មើលងាយ​ផង ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មិន​គប្បី​លុះអំណាច​ក្រោធ និង​ការ​មើលងាយ។
 [២៥១​] សំនួរ​ត្រង់​ពាក្យ​ថា ទាំង​គប្បី​គាស់​ឫស​នៃ​កិលេស​ទាំងនោះ​ចេញ តើ​ឫស​ក្រោធ​ ដូចម្តេច។ អវិជ្ជា​ជា​ឫស អយោ​និ​សោ​មនសិ​កា​រៈ​ជា​ឫស អស្មិមានះ​ជា​ឫស អហិរិកៈ​ជា​ឫស អនោត្តប្បៈ​ជា​ឫស​ ឧទ្ធច្ចៈ​ជា​ឫស នេះ​ឫស​នៃ​ក្រោធ។ ឫស​នៃ​ការ​មើលងាយ តើ​ដូចម្តេច។ អវិជ្ជា​ជា​ឫស​ អយោ​និ​សោ​មនសិ​កា​រៈ​ជា​ឫស អស្មិមានះ​ជា​ឫស អហិរិកៈ​ជា​ឫស អនោត្តប្បៈ​ជា​ឫស ឧទ្ធច្ចៈ​ជា​ឫស​ នេះ​ឫស​នៃ​ការ​មើលងាយ។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637353682445210882
ទៅកាន់ទំព័រ៖