ព្រះត្រៃបិដក ភាគ ៦៦
នេះពួកសង្ខារជាទីស្រឡាញ់។ ពាក្យថា មិនជាទីស្រឡាញ់ បានដល់ សភាវៈមិនជាទីស្រឡាញ់ ២ គឺពួកសត្វ ១ ឬពួកសង្ខារ ១ ។ ពួកសត្វមិនជាទីស្រឡាញ់ តើដូចម្តេច។ ពួកសត្វណា ក្នុងលោកនេះ ប្រាថ្នាការមិនចំរើន ប្រាថ្នាការឥតប្រយោជន៍ ប្រាថ្នាការមិនសប្បាយ ប្រាថ្នាការមិនក្សេមចាកយោគៈ ប្រាថ្នាដើម្បីផ្តាច់ផ្តិលចាកជីវិតរបស់ជននោះ នេះពួកសត្វមិនជាទីស្រឡាញ់។ ពួកសង្ខារមិនជាទីស្រឡាញ់ តើដូចម្តេច។ រូបទាំងឡាយ មិនជាទីពេញចិត្ត សំឡេង ក្លិន រស ផ្សព្វ មិនជាទីពេញចិត្ត នេះពួកសង្ខារមិនជាទីស្រឡាញ់។ ពាក្យថា ឲ្យមាំ ជាពាក្យដោយចំណែកមួយ ជាពាក្យមិនឲ្យសង្ស័យ ជាពាក្យមិនឲ្យសន្ទិះ ជាពាក្យមិនបែកជាពីរ ជាពាក្យមិនមានហឫទ័យពីរ ជាពាក្យប្រកបដាច់ស្រេច ជាពាក្យមិនខុស ពាក្យថា ឲ្យមាំ នេះជាពាក្យមានកំណត់។ ពាក្យថា មួយទៀត គប្បីគ្របសង្កត់នូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ បានសេចក្តីថា គប្បីគ្របសង្កត់ គប្បីសង្កត់គ្របនូវសភាវៈជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ នូវអារម្មណ៍ដ៏ឆ្ងាញ់ និងមិនឆ្ងាញ់ នូវសុខ និងទុក្ខ នូវសោមនស្ស និងទោមនស្ស នូវអារម្មណ៍ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត គប្បីគ្របសង្កត់នូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ID: 637353683098813160
ទៅកាន់ទំព័រ៖