ព្រះត្រៃបិដក ភាគ ៦៦
ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់។
[២៥៣] ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ហើយសង្កត់សង្កិននូវអន្តរាយទាំងនោះ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤។
[២៥៤] អធិប្បាយពាក្យថា ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ត្រង់ពាក្យថា បញ្ញា បានដល់ប្រាជ្ញា ការដឹងច្បាស់ ការពិច័យ ការពិច័យដោយវិសេស ការពិចារណាធម៌។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ឃើញត្រូវ។ ពាក្យថា ធ្វើបញ្ញាឲ្យជាប្រធាន សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តធ្វើបញ្ញាឲ្យជាប្រធាន មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាអធិបតី ជាអ្នកច្រើនដោយការពិចារណា ជាអ្នកច្រើនដោយការជ្រើសរើស ច្រើនដោយការឈ្វេងយល់ ច្រើនដោយការស្វែងរក នៅដោយការដឹងប្រាកដ ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ បង្អោនទៅដោយប្រាជ្ញានោះ ទោរទៅដោយប្រាជ្ញានោះ បន្ទន់ទៅដោយប្រាជ្ញានោះ មានចិត្តចុះស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើប្រាជ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ
ID: 637353683494064676
ទៅកាន់ទំព័រ៖