ព្រះត្រៃបិដក ភាគ ៦៦

ន័យ​មួយទៀត ភិក្ខុ​កំពុង​ដើរ​ក្តី​ ក៏​ដឹង​ច្បាស់​ថា អញ​ដើរ កំពុង​ឈរ​ក្តី ក៏​ដឹង​ច្បាស់​ថា អញ​ឈរ កំពុង​អង្គុយ​ក្តី ក៏​ដឹង​ច្បាស់​ថា​ អញ​អង្គុយ កំពុង​ដេក​ក្តី ក៏​ដឹង​ច្បាស់​ថា អញ​ដេក ឬកាយ​របស់​ភិក្ខុ​នោះ ជា​អត្តភាព​តាំងនៅ​ដោយ​ប្រការ​ណា​ ៗ ក៏​ដឹង​ច្បាស់​កាយ​នោះ ដោយ​ប្រកា​រនោះៗ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​ធ្វើ​បញ្ញា​ឲ្យ​ជា​ប្រធាន​ យ៉ាងនេះ​ខ្លះ។ ន័យ​មួយវិញទៀត ភិក្ខុ​តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន ក្នុង​ការ​ឈានទៅមុខ​ ឈាន​ថយក្រោយ តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន ក្នុង​ការ​រមិលមើល​ទៅមុខ រមិលមើល​ផ្សេង ៗ តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន​ ក្នុង​ការ​បត់​ដៃ​ចូល លាតដៃ​ចេញ តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន ក្នុង​ការ​ទ្រទ្រង់នូវ​សង្ឃាដិ​ បាត្រ ចីវរ តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន ក្នុង​ការ​ស៊ី ផឹក ទំពាស៊ី លិទ្ធ ភ្លក្ស​ តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន ក្នុង​ការ​ធ្វើ​ឧច្ចារៈ បស្សាវៈ តែង​ធ្វើ​នូវ​ការ​ដឹងខ្លួន​ ក្នុង​ការ​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់រឭក និយាយ ស្ងៀម ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​ធ្វើ​ប្រាជ្ញា​ឲ្យ​ជា​ប្រធាន​ យ៉ាងនេះ​ខ្លះ។ ពាក្យ​ថា មាន​បីតិ​ដ៏​ល្អ សេចក្តី​ថា បីតិ បាមោជ្ជៈ កើតឡើង​ដោយអំណាច​ពុទ្ធានុស្សតិ​ ឈ្មោះថា បីតិ​ដ៏​ល្អ បីតិ បាមោជ្ជៈ កើតឡើង​ដោយ​អំ​ណាច​ធម្មា​នុស្ស​តិ ដោយអំណាច​សង្ឃានុស្សតិ​ ដោយអំណាច​សីលានុស្សតិ ដោយអំណាច​ចា​គា​នុស្ស​តិ ដោយអំណាច​ទេ​វតានុស្ស​តិ ដោយអំណាច​អា​នា​បាន​ស្ស​តិ​ ដោយអំណាច​មរ​ណា​នុស្ស​តិ
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637353683810179692
ទៅកាន់ទំព័រ៖