ព្រះត្រៃបិដក ភាគ ៦៦
ដោយអំណាចកាយគតាសតិ ដោយអំណាចឧបសមានុស្សតិ ឈ្មោះថា បីតិដ៏ល្អ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានបីតិដ៏ល្អ ធ្វើប្រាជ្ញាឲ្យជាប្រធាន។
[២៥៥] ពាក្យថា អន្តរាយ ក្នុងបទថា គប្បីសង្កត់សង្កិនអន្តរាយទាំងនោះ បានដល់ អន្តរាយ ២ គឺអន្តរាយប្រាកដ ១ អន្តរាយកំបាំង ១។បេ។ ទាំងនេះ ហៅថា អន្តរាយប្រាកដ។បេ។ ទាំងនេះហៅថា អន្តរាយកំបាំង។បេ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ ពាក្យថា គប្បីគ្របសង្កត់អន្តរាយទាំងនោះ គឺគប្បីអត់សង្កត់ គ្របសង្កត់ សង្កត់សង្កិន រួបរឹត ញាំញី នូវអន្តរាយទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់អន្តរាយទាំងនោះ។
[២៥៦] ពាក្យថា គប្បីគ្របសង្កត់សេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ ត្រង់ពាក្យថា សេចក្តីអផ្សុក បានដល់ សេចក្តីមិនត្រេកអរ អាការនៃសេចក្តីមិនត្រេកអរ សេចក្តីមិនរីករាយ អាការនៃសេចក្តីមិនរីករាយ អាការនៃសេចក្តីអផ្សុក សេចក្តីរសាប់រសល់។ ពាក្យថា ក្នុងសេនាសនៈដ៏ស្ងាត់ គឺគប្បីអត់ធន់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវសេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ ឬក្នុងធម៌ជាអធិកុសលណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវសេចក្តីអផ្សុកក្នុងសេនាសនៈដ៏ស្ងាត់។
ID: 637353684164792783
ទៅកាន់ទំព័រ៖