ព្រះត្រៃបិដក ភាគ ៦៦
មិនមែនដោយដំណើរជាទូត មិនមែនដោយដំណើរដែលគេបញ្ជូនទៅ មិនមែនដោយការបំរើដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយឲ្យដុំបាយ មិនមែនដោយឲ្យទៅឲ្យមក គឺបាន បានហើយ បានចំពោះ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ក្នុងកាលដ៏គួរ។
[២៦៦] អធិប្បាយពាក្យថា ភិក្ខុនោះ ក្នុងសាសនានេះ គប្បីដឹងប្រមាណ ដើម្បីសន្តោស ត្រង់ពាក្យថា ភិក្ខុនោះ គប្បីដឹងប្រមាណ សេចក្តីថា ភិក្ខុដឹងប្រមាណដោយហេតុ ២ គឺ ដោយការទទួល ឬដោយការបរិភោគ។
ភិក្ខុដឹងប្រមាណដោយការទទួល តើដូចម្តេច។ ទោះវត្ថុតិច ដែលទាយកឲ្យ ភិក្ខុទទួលដើម្បីអាណិតត្រកូល ដើម្បីតាមរក្សាត្រកូល ដើម្បីអនុគ្រោះត្រកូល ទោះវត្ថុច្រើនដែលទាយកឲ្យ ភិក្ខុទទួលចីវរល្មមតែរក្សាកាយ ទទួលបិណ្ឌបាតល្មមតែរក្សាផ្ទៃ ភិក្ខុដឹងប្រមាណដោយការទទួល យ៉ាងនេះ។
ភិក្ខុដឹងប្រមាណដោយការបរិភោគ តើដូចម្តេច។ ភិក្ខុពិចារណាដោយឧបាយ ហើយប្រើប្រាស់ចីវរ គ្រាន់តែដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ទាំងឡាយ គ្រាន់តែដើម្បីនឹងបិទបាំងអវយវៈ ដែលធ្វើសេចក្តីខ្មាសឲ្យកម្រើក ភិក្ខុពិចារណាដោយឧបាយ ហើយបរិភោគបិណ្ឌបាត
ID: 637353686943879292
ទៅកាន់ទំព័រ៖