ព្រះត្រៃបិដក ភាគ ៦៦

ថា អាត្មាអញ (បរិភោគ​) ដើម្បី​ការ​លេង​ក៏ទេ ដើម្បី​ការ​ស្រវឹង​ក៏ទេ ដើម្បី​ការ​ប្រដាប់​ក៏ទេ ដើម្បី​ការ​ផូរផង់​ក៏ទេ​ គ្រាន់តែ​ដើម្បីឲ្យ​តាំងនៅ​នៃ​កាយ​នេះ ដើម្បី​នឹង​ញុំាង​ជីវិតិន្រ្ទិយ​ឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​បំបាត់​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ព្រហ្មចរិយៈ អាត្មាអញ នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់​ផង​ នឹង​ញុំាង​វេទនា​ថ្មី​មិន​ឲ្យ​កើតឡើង​ផង ការប្រព្រឹត្តិ​ទៅ​នៃ​ឥរិយាបថ​ទាំង ៤ ផង​ សេចក្តី​មិន​មានទោស​ផង ការ​នៅ​សប្បាយ​ផង នឹង​មានដល់​អាត្មាអញ ដោយ​បាន​បរិភោគ​នូវ​ចង្ហាន់​បិណ្ឌបាត​នេះ។ ភិក្ខុ​ពិចារណា​ដោយ​ឧបាយ ហើយ​សេព​សេនាសនៈ គ្រាន់តែ​ដើម្បី​ការពារ​ត្រជាក់​ ដើម្បី​ការពារ​កំ​ដៅ ដើម្បី​ការពារ​សម្ផស្ស​នៃ​របោម មូស ខ្យល់ កំ​ដៅ​ថ្ងៃ និង​ពស់​ទាំងឡាយ​ គ្រាន់តែ​ដើម្បី​បន្ទោបង់​នូវ​អន្តរាយ គឺ​រដូវ និង​ការ​ត្រេកអរ​ក្នុង​ការ​សម្ងំ​នៅ។ ភិក្ខុ​ពិចារណា​ដោយ​ឧបាយ ហើយ​សេព​នូវ​ថ្នាំ​ជា​គ្រឿង​កែរោគ ដែល​ជា​បរិក្ខារ​របស់​ជីវិត​ គ្រាន់តែ​ដើម្បី​កំចាត់​បង់​វេទនា​ទាំងឡាយ ដែល​បៀត​បៀន​ផ្សេង​ៗ ដែល​កើតឡើង​ហើយ ដើម្បី​ប្រាសចាក​ទុក្ខ​ខ្លាំង​ជា​ធម្មតា។ ភិក្ខុ​ដឹង​ប្រមាណ​ដោយ​ការ​បរិភោគ យ៉ាងនេះ។ ពាក្យ​ថា ភិក្ខុ​នោះ គប្បី​ដឹង​ប្រមាណ គឺ​ គប្បី​ដឹង យល់ ដឹង​ច្បាស់ ដឹង​ចំពោះ ចាក់ធ្លុះ​ចំពោះ នូវ​ប្រមាណ​ដោយហេតុ ២ នេះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ គប្បី​ដឹង​ប្រមាណ។
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637353687219166810
ទៅកាន់ទំព័រ៖